ខេត្តកំពង់ធំ៖ បុរសម្នាក់បានធ្វើអត្តឃាតផឹកថ្នាំពុលស្លាប់ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ៣ និង ៥៦នាទី រសៀលថ្ងៃទី០៤ ខែ កុម្ភៈ ឆ្នាំ២០២១ នៅភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលក្រយាបានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ ធុន ប៊ុនធឿន ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មានស្រុក កំណើត នៅភូមិកំពង់រាបក្រោម ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម សព្វថ្ងៃរស់នៅភូមិ-ឃុំកើតហេតុខាងលើ មានមុខរបរជាកម្មករជៀរជ័រកៅស៊ូក្រុមហ៊ុនហ្គោលហ្វ័សុន។
ក្នុងករណីនេះបើតាមការបំភ្លឺរបស់ឈ្មោះ ខេន ស្រីមុំ អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្រពន្ធរបស់សព បានរៀបរាប់ថា ខ្លួននិងប្ដីគាត់ទាំងពីរនាក់រស់នៅជាមួយគ្នារយៈពេលជិតមួយឆ្នាំហើយមិន ដែលមានទំនាស់ក្នុងក្រុមគ្រួសារអ្វីនោះទេ ។ លុះនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ ប្ដីរបស់គាត់មិនដឹងមានរឿងអីមិនទៅធ្វើការជៀរជ័រកៅស៊ូទេ ដោយនៅធ្វើការងារផ្ទះធម្មតា។ រហូតដល់ពេលយប់ពួកគាត់ចូលដេកក្នុងបន្ទប់ពីរនាក់ជាធម្មតា លុះដល់ម៉ោង១១និង៣០នាទីយប់ ប្ដីខ្លួនប្រាប់ថា ចេញទៅមុជទឹកនៅបន្ទប់ទឹកក្រៅផ្ទះមួយភ្លែត។បានប្រហែលជាង១៥នាទី គាត់មិនឮសូរចាក់ទឹកក៏អើត មើលតាមបង្អួច ឃើញប្ដីដួលនិងដីក្រោយផ្ទះ។ ឃើញដូច្នេះ គាត់តក់ស្លុតហៅម្តាយនិងបងប្អូននៅក្បែរនោះទៅមើលទើបឃើញថ្នាំពុលហៀរពេញមាត់ប្ដីប្រឡាក់ពេញខ្លួន ដោយនៅដៃកាន់ដបថ្នាំពុល ហើយនិយាយថា គាត់បានផឹកថ្នាំ ពុលអស់កន្លះដប។ បន្ទាប់មកក្រុមគ្រួសារបាននិងរូបគាត់បានបញ្ជូនប្តីទៅពេទ្យឯកជននៅភូមិបាក់ស្នា តែជំងឺ ធ្ងន់ធ្ងរពេកក៏បញ្ជូនទៅ មន្ទីពេទ្យត្រពាំងស្វាយបន្ត ហើយពេលដល់មន្ទីរពេទ្យត្រពាំងស្វាយគ្រូពេទ្យដាក់សេរ៉ូមលាងក្រពះ។លុះដល់ម៉ោងប្រហែល១២យប់ដោយសភាពជំងឺធ្ងន់ធ្ងរពេកក៏ស្លាប់បាត់បង់ជីវិតទៅ។
ប្រភពដដែលបានឲ្យដឹងទៀតថាក្រោយទទួលបានព័ត៌មាននេះសមត្ថកិច្ចជំនាញរបស់ស្រុក បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ និងក្រុមគ្រួសារដើម្បីចូលរួមពិនិត្យសព ពុំឃើញនៅលើដងខ្លួនមានស្លាក ស្នាមអ្វីកត់សម្គាល់ជាអំពើឃាតកម្មឡើយ គឺឃើញមានដបថ្នាំពុល១ដបនៅក្នុងផ្ទះ ។
បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញអះអាងថាជនរងគ្រោះស្លាប់ដោយសារផឹកថ្នាំពុល រួចបានប្រគល់សព ជូនទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ប្រាថ្នា