ខេត្តសៀមរាប៖ យុទ្ធនាការ«ផ្ទះ១ អំពូល១»របស់រដ្ឋបាលស្រុកបន្ទាយស្រីទទួលបានជ័យលាភីលេខ២ ក្នុងកម្មវិធីប្រលងប្រណាំង”ពានរង្វាន់ឆ្នើមលើការងាររៀបចំតំបន់ប្រជុំជន”របស់សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ដែលត្រូវបានប្រារព្ធពិធីប្រគល់ក្រោមអធិបតីភាព លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមហាផ្ទៃ។
កម្មវិធីពានរង្វាន់នេះ ជាផ្នែកមួយនៃការអនុវត្តគម្រោងពង្រឹងសមត្ថភាពអាជ្ញាធរថ្នាក់ក្រោមជាតិ និងជំរុញឱ្យមានការរៀបចំផែនការនគរូបនីយកម្ម និងការគ្រប់គ្រងដីធ្លី ដើម្បីកែប្រែមុខមាត់សហគមន៍មិនទាន់រៀបរយ និងធានាបាននូវលទ្ធភាពក្នុងការទទួលបានសេវាចាំបាច់នៅក្នុងមូលដ្ឋាន។
លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី បានថ្លែងថា, ជំនួសមុខឱ្យប្រជាពលរដ្ឋរាប់មុឺននាក់នៅក្នុងស្រុកបន្ទាយស្រី ដែលបានទទួលផលប្រយោជន៍ដោយផ្ទាល់ពីយុទ្ធនាការ”ផ្ទះ១ អំពូល១” ខ្ញុំសូមឆ្លៀតយកឱកាសនេះ ថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមវិភាគ និងផ្តល់គាំទ្រទាំងស្រុងដល់ការអនុវត្តគម្រោង បំពាក់បានជិត៤០០០អំពូលសូឡា និងបានធ្វើឱ្យភូមិចំនួន១៥រួចមកហើយ ដែលទទួលបានពន្លឺនិងការលើកកម្ពស់គុណភាពជីវិតនៅក្នុងសហគមន៍ក្នុងពេលរាត្រីរហូតមកដល់ពេលនេះ។
សូមបញ្ជាក់ថា, ផ្ទះ១អំពូល១ រដ្ឋបាលក្រុង ស្រុក និងសង្កាត់ ដែលទទួលជ័យលាភី រួមមាន៖
– ជ័យលាភីលេខ១ បានទៅលើគម្រោង“សាងសង់ទំនប់បង្ហៀរក្បាលហុងស្ទឹងពោធិ៍សាត់” របស់រដ្ឋបាលក្រុងពោធិ៍សាត់
– ជ័យលាភីលេខ២ បានទៅលើគម្រោងយុទ្ធនាការ“ផ្ទះ១ អំពូល១”របស់រដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប។
– ជ័យលាភីលេខ៣ បានទៅលើគម្រោង“អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុងសហគមន៍ភូមិ១៥-១៦”របស់សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕
ដោយ៖ សិលា