ព័ត៌មានទាន់ហេតុការណ៍៖

បង្គោលភ្លើងដែលបាក់អស់រយៈពេល១៧ថ្ងៃកន្លងមក ត្រូវបានមន្រ្តីជំនាញ ចុះរៀបចំ ឱ្យត្រឹមត្រូវឡើងវិញហើយ

ចែករំលែក៖

ភ្នំពេញ៖ មន្រ្តីជំនាញ នៃការិយាល័យអគ្គិសនីបំភ្លឺសាធារណៈនិងភ្លើងសញ្ញាចរាចរណ៍ បានចុះរៀបចំដាក់បង្គោលភ្លើងថ្មីឡើងវិញ នៅចំណុចចុងស្ពានអាកាស៧មករា ដែលបង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលអោយបាក់បង្គោលភ្លើងនិងបាក់ក្បាលនាគពុះចែកទ្រូងផ្លូវ អស់រយៈពេលជិត២០ថ្ងៃមកហើយ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ មន្រ្តីជំនាញ នៃការិយាល័យអគ្គិសនីបំភ្លឺសាធារណៈនិងភ្លើងសញ្ញាចរាចរណ៍ បានយកសម្ភារៈបង្គោលភ្លើងមកដំឡើង អោយដំណើរការឡើងវិញនៅចំណុច ចុងស្ពានអាកាស៧មករា តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី មូលដ្ឋានសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ដើម្បីដាក់អោយបងប្អូនប្រជាពលរដ្ឋធ្វើដំណើរងាយស្រួលបើកបរ ជៀសវាងបង្កគ្រោះថ្នាក់បន្តទៀត និងដើម្បីលើកសោភ័ណ្ឌភាពដងផ្លូវ ក្នុងរាជធានីភ្នំពេញផងដែរ។

មន្រ្តីជំនាញនៃការិយាល័យ អគ្គិសនីបំភ្លឺសាធារណៈនិងភ្លើងសញ្ញាចរាចរណ៍បានអោយដឹងថា ចំពោះក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍កើតឡើងកាលពីយប់ថ្ងៃច័ន្ទ ទី១៨ ខែមករា ឆ្នាំ២០២១ កន្លងទៅនៅចំណុចចុងស្ពានអាកាស៧មករា ខាងកើត តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សុី ក្នុងភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក បណ្ដាលអោយបុរសម្នាក់មានឈ្មោះ លីម ឡាយអ៊ូ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ស្លាប់នោះ គឺបានបង្កអោយបាក់បង្គោលភ្លើង១ដើម និងបាក់ក្បាលនាគពុះចែកទ្រូងផ្លូវផងដែរ។ ដូច្នេះនៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ មន្រ្តីបានចុះរៀបចំបង្គោលភ្លើងបំភ្លឺផ្លូវអោយបានត្រឹមត្រូវឡើងវិញ ចំណែក ក្បាលនាគពុះចែកទ្រូងផ្លូវ ជាជំនាញខាងមន្ទីរសាធារណៈការនិងដឹកជញ្ជូន៕

ដោយ៖រ៉ារ៉ា


ចែករំលែក៖