ភ្នំពេញ៖ បើយោងតាមនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានអោយដឹងថា ទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រទី៥ ខែកុម្ភៈ ឆ្នាំ២០២១ អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំបូកសរុបចំនួនឯកសារ នៃកិច្ចសហប្រតិបត្តិការអន្ដរជាតិ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី អគ្គនាយដ្ឋាន និងនាយកដ្ឋានក្រោមចំណុះក្រសួងមហាផ្ទៃ ព្រមទាំងភាគីពាក់ព័ន្ធ ជាច្រើនរូបទៀតផងដែរ។
នាឱកាសនោះ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានលើកឡើងថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានកំណត់ឲ្យអគ្គលេខាធិការដ្ឋានរៀបចំកិច្ចប្រជុំនាពេលព្រឹកនេះ ដើម្បីរៀបចំឯកសារ និងរៀបចំកិច្ចសហប្រតិបត្តិការអន្ដរជាតិទាំងមូល ដោយធ្វើសហការជាមួយ បណ្ដាអគ្គនាយកដ្ឋាន អង្គភាពពាក់ព័ន្ធទាំងអស់ របស់ក្រសួងមហាផ្ទៃ ដើម្បីពិនិត្យមើលអំពីទិដ្ឋភាពរួម ក្នុងក្របខណ្ឌនៃឯកសារគតិយុត្តិនានា ជាពិសេស កិច្ចព្រមព្រៀងក្នុងអនុសារណៈយោគយល់គ្នា ឬផ្លាស់ប្ដូរលិខិតនានា ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃ ជាមួយបណ្ដាក្រសួងដទៃទៀត ឬភ្នាក់ងារអនុវត្តច្បាប់បរទេស ដែលជាដៃគូរសហការ។
បន្ថែមពីនេះទៀត នាយឧត្តមសេនីយ៍ បានថ្លែងអំណរគុណចំពោះបណ្ដាក្រសួងទាំងអស់នៅកម្ពុជា ដែលបានផ្ដល់ឯកសារ ក៏ដូចជាការចូលរួមពិគ្រោះយោបល់។ ជាពិសេស នាយកដ្ឋានទំនាក់ទំនងអន្ដរជាតិ ដែលបានខិតខំប្រឹងប្រែងធ្វើការងារ ដើម្បីប្រមូលផ្ដុំ សំយោគរៀបចំជាឯកសារ ដើម្បីកំណត់ច្បាស់លាស់អំពីឯកសារដែលមានក្នុងក្របខណ្ឌ នៃកិច្ចសប្រតិបត្តិការអន្ដរជាតិ ជាមួយដៃគូរសហការបរទេស ដែលជាភ្នាក់ងារអនុវត្តច្បាប់។
ជាងនេះទៅទៀត នាយឧត្តមសេនីយ៍ ក៏បានរៀបរាប់ថា គោលបំណងនៃកិច្ចប្រជុំនាពេលព្រឹកនេះ ដើម្បីកំណត់ឲ្យបានច្បាស់លាស់ថា តើឯកសារដែលយើងរៀបចំកន្លងមក និងឯកសារគតិយុត្តិនានា ដែលក្រសួងមហាផ្ទៃ បានចុះហត្ថលេខាកន្លងមកជាមួយបណ្ដាអង្គភាពអនុវត្តច្បាប់បរទេស តើស្ថានភាពរបស់យើងកន្លងមកនេះ យ៉ាងណាហើយ? ហើយបញ្ហាប្រឈម ក្នុងក្របខណ្ឌការអនុវត្តឯកសារគតិយុត្តិនោះ មានបញ្ហាអ្វីដែរឬទេ? តើយើងចង់បានអ្វី? ក្នុងក្របខណ្ឌបន្ដទៅមុខទៀត ក្នុងដំណាក់កាលនៃជំងឺកូវីដ-១៩នេះ។
នាយឧត្តមសេនីយ៍ ជឿជាក់ថា គ្មានអ្នកណាមួយមិនអាចដឹងច្បាស់អំពីស្ថានភាពវិវត្តន៍ ក្នុងឯកសារទាំងអស់នោះឡើយ។ ដូច្នេះ ចាំបាច់តម្រូវឲ្យអ្នកពាក់ព័ន្ធផ្ដល់ធាតុចូលក្នុងឯកសារបន្ថែមទៀត ដើម្បីគោរពជូនថ្នាក់ដឹកនាំ ជាពិសេស សម្ដេចក្រឡាហោម ស ខេង ដើម្បីបានជ្រាបអំពីស្ថានភាពនៃការវិវត្តន៍ ក៏ដូចជាលទ្ធផលអនុវត្តឯកសារគតិយុត្តិនេះ ដើម្បីឲ្យសម្ដេចក្រឡាហោម មានមូលដ្ឋានសម្រាប់វាយតម្លៃ និងមតិដឹកនាំដ៏ខ្ពង់ខ្ពស់ សម្រាប់ជាទិសដៅអនុវត្តបន្ដទៀត ព្រោះថា «កិច្ចសហប្រតិបត្តិការអន្ដរជាតិ មានសារៈសំខាន់ណាស់»។
ឆ្លៀតឱកាសនោះដែរ លោក ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការរង និងជាប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ក៏បានធ្វើសេចក្ដីរាយការណ៍សង្ខបថា ដោយឯកឧត្តម បានចែកចេញជា៤ផ្នែកធំៗ រួមមាន ៖ ទី១-អំពីការបូកសរុបរួមនូវឯកសារសហប្រតិបត្តិការជាក់ស្ដែង ទី២-ផ្ដោតទៅលើលទ្ធផល ដែលកើតចេញពីការចុះឯកសារសហប្រតិបត្តិការ ទី៣-ស្ថានភាពឯកសារមិនទាន់ចុះហត្ថលេខា និងទី៤-មានឯកសារចំនួន៣ មិនទាន់ចុះហត្ថលេខា។
លោក បញ្ជាក់ថា ក្រោយបញ្ចប់កិច្ចប្រជុំនេះរួច ក្រុមការងារនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នឹងបន្ដកែសម្រួលបន្ថែមទៀត ឲ្យមានភាពត្រឹមត្រូវ ដើម្បីគោរពជូនសម្ដេចក្រឡាហោម ស ខេង ជ្រាបជារបាយការណ៍ដ៏ខ្ពង់ខ្ពស់។
ជាថ្មីម្តងទៀត នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ក៏បានអំពាវនាវដល់អង្គប្រជុំទាំងមូល ត្រូវផ្ដល់ធាតុចូលបន្ថែមទៀត ដើម្បីឲ្យឯកសារក្នុងកិច្ចប្រជុំនាពេលនេះមានភាពត្រឹមត្រូវ និងពេញលេញច្បាស់លាស់ផងដែរ៕
ដោយ ៖ សិលា