ខេត្តបន្ទាយមានជ័យ៖ បើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់លោក ដួង តារា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី បានសរសេរសំណេរបង្ហោះនៅរសៀលថ្ងៃសុក្រទី៥ ខែកុម្ភៈ ឆ្នាំ២០២១នេះថា “ថ្ងៃនេះខ្ញុំនិងលោកប្រធានមន្ទីរដែនដីខេត្តបន្ទាយមានជ័យ បានដាក់បង្ហាញប្លង់ទីតាំងដីដែលមានវិវាទរវាងពលរដ្ឋ១៥គ្រួសារ និងពាណិជ្ជករ ៤នាក់ដែលមន្រ្តីជំនាញបានចុះវាស់វែង កាលពីម្សិលមិញ។
លោក ដួង តារា បន្តថា ពេលនេះប្រជាពលរដ្ឋបានសម្រេចយកដំណោះស្រាយក្រៅប្រព័ន្ធតុលាការឈរលេីគោលការណ៍ឈ្នះឈ្នះ (៥០%) សម្តេច។
ចំពោះខាងភាគីពាណិជ្ជករ លោក អ៉ឹង លាងស្រ៊ុន ក៏បានបញ្ជាក់ថាទទួលយកដំណោះស្រាយឈ្នះឈ្នះដូចប្រជាពលរដ្ឋដែរ ប៉ុន្តែមិនទាន់សម្រេចចិត្តដោយត្រូវរងចាំពិភាក្សាជាមួយដៃគូ៤នាក់ទៀតសិនដូចជា ១-ចាំងតេងភាវ ២-ហង់ សុផៃ ៣-ហេង សុខ ហ៊ន និង ៤-សុង ដារា ។
រដ្ឋលេខាធិការរូបនេះ បន្តទៀតថា ពេលនេះលោកប្រធានមន្ទីរដែនដីខេត្ត និងខ្ញុំកំពុងរងចាំការសម្រេចចិត្តពីក្រុមពាណិជ្ជករ។ ប្រសិនបេីពុំមានចម្លេីយទេនោះ មន្ទីរដែនដីនឹងចាត់បញ្ជូនរបាយការណ៍បញ្ជាក់ទីតាំងដីពិតប្រាកដរបស់ប្រជាពលរដ្ឋទាំង១៥គ្រួសារទៅជូនតុលាការតាមការស្នេីសុំ ដេីម្បីឈានទៅរកការជំរះក្តីនេះឲ្យបានចប់ឆាប់។ មានព្រឹទ្ធាចារ្យ៣នាក់ដែលជាអតីតមន្រ្តីដែលបានចែកដីជូនប្រជាពលរដ្ឋក៏បានឡេីងមកធ្វេីសាក្សីបំភ្លឺរួចអស់ហេីយដែរ។
ជាក់ស្តែង ក្រុមប្រជាពលរដ្ឋក៏បានផ្តិតមេដៃទទួលស្គាល់លេីកំណត់ហេតុទីតាំងប្លង់ដីដែលពួកគាត់បានចូលរួមវាស់វែងដោយផ្ទាល់ហេីយសង្ឃឹមថាវិវាទដីធ្លីដែលមានរយៈពេល១៧ឆ្នាំមកនេះនឹងចប់នៅពេលខាងមុខដ៏ខ្លីជាមិនខាន។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕ដោយ៖សហការី