ព័ត៌មានទាន់ហេតុការណ៍៖

ព្រាប សុវត្ថិ និងតន់ ចន្ទសីម៉ា សម្រុកបញ្ចេញបទថ្មីសម្រាប់ឱកាសចូលឆ្នាំខ្មែរ

ចែករំលែក៖

       ភ្នំពេញ៖ បទចម្រៀងចម្រុះចំនួន៥បទបន្តបន្ទប់គ្នារបស់តារាចម្រៀង ព្រាប សុវត្ថិ និងកញ្ញា តន់ ចន្ទសីម៉ា បានបញ្ចេញហើយកាលពីថ្មីៗនេះ។ បទថ្មី៥បទបន្ថែមគឺក្រោយជំនួបជាដៃគូច្រៀងរួមគ្នានូវបទចម្រៀងញាក់កន្ត្រាក់អារម្មណ៍កាត់ឆុង ដែលទទួលបានការគាំទ្រខ្លាំងរហូតមានអ្នកទស្សនារាប់លាន់ដងនោះ។

ស្របពេលដែលផលិតកម្មផ្សេងកំពុងស្ងប់ស្ងាត់នឹងការបញ្ចេញបទចម្រៀងត្រៀមសម្រាប់ឱកាសចូលឆ្នាំខ្មែរនោះ ស្រាប់តែផលិតកម្ម Galaxy Navatra បានបញ្ចេញបទចម្រៀងសម្រុកបំបុកទីផ្សារជារៀងរាល់ថ្ងៃតែម្តង ហើយភាគច្រើនគឺជាបទចម្រៀងដែលសម្រិតសម្រាំងក្នុងការផលិត និងជាបទខ្លឹមៗ ដើម្បីប្រាកដថា បទរបស់ខ្លួននឹងក្លាយជាចំណែកទីផ្សារធំមួយសម្រាប់ប្រជាជនខ្មែររាំលេងកម្សាន្ត។

យ៉ាងហោចណាស់មានបទចម្រៀង ញាក់កន្ត្រាក់អារម្មណ៍ បទចម្រៀងប្រជាប្រិយខ្មែរមិនក្រោម១០បទនោះទេ ដែលត្រូវបានបញ្ចេញក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ។ យោងតាមតួលេខដែលត្រូវបានបញ្ចេញដោយផលិតកម្មក៏បានបង្ហាញអំពីសន្ទុះនៃការគាំទ្រច្រើនមិនគួរឲ្យជឿនូវស្នាដៃបទចម្រៀងជាច្រើនមានការចូលទស្សនារហូតដល់ខ្ទង់លានដងឯណោះ។  ក្នុងនោះមានបទចម្រៀងរបស់ តារា ចម្រៀងលំដាប់ជួរមុខ ព្រាប សុវត្ថិ និងតារាចម្រៀងស្រីវ័យក្មេង តន់ ចន្ទសីម៉ា ត្រូវ បាន គេ មើល ឃើញ ថា មានបទចម្រៀងច្រើន ជាងគេទាំងបទឆ្លើយ ឆ្លង ទាំងបទច្រៀងទោលម្នាក់ ឯង។ចំពោះ បទ ឆ្លើយឆ្លងអ្នកទាំងពីរ មានរហូតដល់ទៅ៦បទ មកហើយ ក្នុងនោះ ដូចជា ទី១បទកាត់ឆុង,ទី២បទ”  ប្រហុក,ទី៣បទរកស៊ីជាមួយយក្សទី៤បទអរគុណ កាមេរ៉ាទី៥បទមាន់ កម្សត់ទី៦ បទឡាន ទំនើបដែលទើបនឹងបញ្ចេញក្តៅៗ ដែលគេរំពឹងថាបទ ចម្រៀង ទាំងនេះនឹងក្លាយជាបទពេញនិយមសម្រាប់ រាំ លេង កម្សាន្ត នាឱកាសជួបជុំគ្នា

​​ក្រៅពីស្នាដៃចម្រៀងរបស់តារាចម្រៀងខាងលើក៏មានគ្រាប់ពេជ្រ របស់ផលិតកម្មGalaxy Navatra មួយចំនួនទៀត ដូចជាតារាចម្រៀងខេម ជាដើមក៏បានបញ្ចេញស្នាដៃរបស់ខ្លួនផងដែរ។ ទោះជាយ៉ាងណាគេក៏នៅរងចាំតាមដានមើលបន្តផងដែរថាផលិតកម្មផ្សេង អាចនឹងបញ្ចេញបទចម្រៀងរបស់ខ្លួននៅពេលណា និងអាចប្រជែងនឹងផលិតកម្មនេះយ៉ាងដូចម្តេច។ អ្នកនិពន្ធលេចធ្លោ លោកយឹម តាស្រង់បានបញ្ចេញវីដេអូអំពីគម្រោងនៃការបញ្ចេញបទចម្រៀងឆ្លើយឆ្លងគ្នារវាងតារាចម្រៀងវ័យក្មេង កុមារា ធឿន បុរី និងកុមារី អ៊ុកសុវណ្ណារី ដែលធ្លាប់ទទួលបានការគាំទ្រច្រើនលើបទចម្រៀងឆ្លើយឆ្លងគ្នាបែបឌឺដងគ្នានោះដែរ។ លោករំពឹងថាបទចម្រៀងនេះនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន ពិសេសបទចម្រៀងរបស់អ្នកទាំងពីរដែលនឹងបញ្ចេញនៅសប្តាហ៍ក្រោយ៕

ដោយ៖វឌ្ឍនា


ចែករំលែក៖