ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តស្វាយរៀងផ្ដាំផ្ញើដល់អាជ្ញាធរដែនដី កងកម្លាំង និងមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវបន្តពង្រឹងការចេញល្បាតតាមភូមិសាស្ត្រខ្សែបន្ទាត់ព្រំដែន ដើម្បីបង្ការ ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងទិសដៅទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃសៅរ៍ ៩រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោកម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តស្វាយរៀង បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពនៅតាមបណ្តាប៉ុស្តិ៍ការពារព្រំដែន និងច្រកទ្វារ
ព្រំដែនក្នុងភូមិសាស្ត្រក្រុងបាវិត រួមមានច្រកការពារព្រំដែនធ្លក​, ច្រកការពារព្រំដែនកំពង់ស្ពាន​, ច្រកទ្វារព្រំដែនអន្តរជាតិបាវិត​ ក្នុងនោះក៏បានអញ្ជេីញពិនិត្យទីតាំងបន្ទប់ដាក់ម៉ាស៉ីនវាស់កម្តៅពេលភ្ញៀវឆ្លងកាត់​ និងជួបសំណេះសំណាលជាមួយកងកម្លាំងវរសេនាតូចការពារព្រំដែនដើម្បីពង្រឹងវិធានការបង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ។
ក្នុងការចុះពិនិត្យស្ថានភាពតាមបណ្តាច្រកព្រំដែនក្នុងភូមិសាស្រ្តក្រុងបាវិតនាថ្ងៃនេះ លោកម៉ែន វិបុល អភិបាលខេត្ត ស្វាយរៀងបានថ្លែងនូវការកោតសរសើរចំពោះមន្ត្រីចត្តាឡីស័ក​ សមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ដែលបានអនុវត្តតួនាទីក្នុងការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់នៅតាមព្រំដែន និងការពង្រឹងកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយភាគីវៀតណាម ក្នុងការសម្របសម្រួលលើការដឹកជញ្ជូន និងផ្លាស់ប្តូរទំនិញឆ្លងកាត់ព្រំដែន បញ្ចៀសបាននូវការកកស្ទះ ជាមួយនិឹងការប្រកាន់ខ្ជាប់នូវការអនុវត្តតាមវិធានការក្រសួងសុខាភិបាលបានយ៉ាងល្អប្រសើរ។
លោកអភិបាលក៏បានធ្វើការផ្ដាំផ្ញើដល់អាជ្ញាធរដែនដី កងកម្លាំង និងមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវបន្តពង្រឹងការចេញល្បាតតាមភូមិសាស្ត្រខ្សែបន្ទាត់ព្រំដែន ដើម្បីបង្ការ ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ ហើយក្នុងករណីមានប្រជាពលរដ្ឋឆ្លងដែនចូលមកកម្ពុជាត្រូវធ្វើចត្តាឡីស័កជាដាច់ខាតនៅទីតាំងដែលរដ្ឋបាលខេត្តបានរៀបចំរួចជាស្រេច ដោយមិនត្រូវឲ្យនរណាម្នាក់ឆ្លងកាត់ព្រំដែនដោយមិនបានត្រួតពិនិត្យ និងមិនបានធ្វើចត្តាឡីស័កនោះទេ ជារួមគឺត្រូវតែបង្ខំឲ្យធ្វើចត្តាឡីស័កជាដាច់ខាត ដោយគ្មានការលើកលែងនោះឡើយ។

ជាមួយនេះ លោកអភិបាលខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តប្រុងប្រយ័ត្ន និងការពារខ្លួនជានិច្ចពីជំងឺកូវីដ-១៩ ដោយត្រូវប្រកាន់ខ្ជាប់នូវអនាម័យឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ ជែល ឬអាល់កុលជាប្រចាំ ហើយសូមកុំធ្វើដំណើរឆ្លងដែនបើមិនមានការចាំបាច់ ។

សូមបញ្ជាក់ថា ដើម្បីពង្រឹងវិធានការត្រួតពិនិត្យការចេញចូល ជាពិសេសការទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ ក្នុងគោលដៅបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរៀបចំគោលដៅប្រចាំការ និងល្បាតការពារនៅតាមខ្សែបន្ទាត់ព្រំដែនចំនួន ៥៨គោលដៅ បន្ថែមទៀតផងដែរ៕ យឹម សុថាន


ចែករំលែក៖