ខេត្តបាត់ដំបង៖ តិច ឬក៏ច្រើន ឲ្យតែបានធ្វើ គឺវាប្រសើរជាងមិនបានធ្វើអី្វសោះ។ ដូច្នេះ យុវជនត្រូវខំប្រឹងប្រែងធ្វើជាប្រចាំ។ ការធ្វើជាប្រចាំនឹងក្លាយជាទម្លាប់។ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងបែបនេះ នៅក្នុងពិធីអញ្ជើញជាអធិបតីសម្ពោធស្នាក់ការថ្មី របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង។
លោកបានថ្លែងបន្តថា ទម្លាប់ល្អនឹងក្លាយជាវប្បធម៌ការងារល្អរបស់យើង។ តាមរយៈស្មារតី និងវប្បធម៌ការងារល្អរបស់ស.ស.យ.ក. ដើម្បីជាតិ និងប្រជាជន យើងសង្ឃឹមថាសកម្មភាពទាំងនេះ នឹងអាចផ្តល់ជាគម្រូដល់យុវជនជំនាន់ក្រោយៗជាបន្តបន្ទាប់។ ស.ស.យ.ក. យើង សម្រេចបានកិច្ចការជាច្រើនសម្រាប់សង្គមជាតិ តែយើងនៅមានការងារច្រើនណាស់ដែលត្រូវធ្វើបន្ត ហើយមានទំនួលខុសត្រូវខ្ពស់ណាស់សម្រាប់ប្រទេសជាតិ ក្នុងនាមជាអ្នកបន្តវេន៕
ដោយ៖ សិលា