ខេត្តក្រចេះ៖ បេីតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ចាន់ សុខគីម អធិការនគរបាលស្រុកស្នួល បានឲ្យនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ថា ស្ត្រីម្នាក់ ខណៈកំពុងដើរបណ្តើរនិយាយទូរស័ព្ទបណ្តើរ ដោយដៃម្ខាងកាន់ពន្លាកជៀរជ័រ មិនប្រយ័ត្នបណ្ដាលឲ្យជំពុបជើងហ្នឹងឫសកៅស៊ូដួលផ្កាប់មុខជង់ហ្នឹងពន្លាកចំបំពង់.កក៏ស្លាប់ភ្លាមៗនៅនឹងកន្លែង ស្ថិតនៅក្នុងចំការកៅស៊ូមួយកន្លែង ក្នុងស្រុកស្នួល ។
លោកវរសេនីយ៍ឯក ចាន់ សុខគីម បន្តថា កាលពីវេលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី០៥ ខែកុម្ភៈម្សិលមិញនេះ មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលស្នួល បានទទួលព័ត៍មានពីឈ្មោះ នុត សុភាព ភេទប្រុស អាយុ៤៩ឆ្នាំជាប្តីស្ត្រីរងគ្រោះ មានទីលំនៅភូមិកណ្តាល ឃុំវិហារលួង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (ចំណាកស្រុក)ថា៖ នៅថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង២២និង០០នាទី ឈ្មោះ នុត សុភាព ភេទប្រុស អាយុ៤៩ឆ្នាំ និងប្រពន្ធឈ្មោះ ខូវ លក្ខិណា អាយុ៤៤ឆ្នាំ មានទីលំនៅភូមិកណ្តាល ឃុំវិហារលួង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ(ចំណាកស្រុក) បានទៅជៀរជ័រកៅស៊ូ នៅក្នុងចំការរបស់ខ្លួន ស្ថិតនៅចំណុចរំសាយសក់ ភូមិថ្ពង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ខណៈពេលកំពុងជៀរជ័រឈ្មោះ ខូវ លក្ខិណា បានជំពប់ជើងនឹងឬសកៅស៊ូ បណ្តាលឲ្យដួលផ្កាប់មុខជង់នឹងពន្លាកជៀរជ័រត្រូវចំបំពង់.កផ្នែកខាងឆ្វេង បណ្តាលឲ្យស្លាប់ភ្លាម ៗនៅនឹងកន្លែងកើតហេតុតែម្តង ។ ក្រោយកេីតហេតុឈ្មោះ នុត សុភាព ត្រូវជាប្តីបានយកសាកសពប្រពន្ធទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ។
លោកអធិការស្រុក បានបញ្ជាក់ទៀតថា បើតាមការឆ្លើយបំភ្លឺរបស់ឈ្មោះ អូ តា ជាកម្មករ បានឲ្យដឹងថា ថៅកែស្រីរបស់ខ្លួនឈ្មោះ ខូវ លក្ខណា បានដើរនិយាយទូរស័ព្ទដោយក្នុងដៃមានកាន់ពន្លាកដើរជៀរជ័រ រួចក៏ជំពប់ជើងនឹងឬសកៅស៊ូ បណ្តាលឲ្យដួលជង់ពន្លាកជៀរជ័រត្រូវចំបំពងកផ្នែកខាងឆ្វេងរបួស បណ្តាលឲ្យស្លាប់នៅកន្លែង កើតហេតុតែម្តង ។
លោកវរសេនីយ៍ឯក ចាន់ សុខគីម បានបន្តទៀតថា ក្រោយពីទទួលបានព័ត៌មានភ្លាមៗ កម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នួល បានចុះទៅដល់កន្លែងកើតហេតុធ្វើការពិនិត្យរកឃើញ ពន្លាកចៀជ័រចំនួន០១ និងស្នាមឈាមរបស់ជនរងគ្រោះ និងក្រៅពីនេះពុំមានអ្វីគួរឲ្យកត់សំគាល់នោះទេ ។
បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានប្តីយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី ៕ដោយ៖សហការី
រូបភាព៖ទីតាំងកន្លែងកេីតហេតុ