ព័ត៌មានទាន់ហេតុការណ៍៖

បារាំងបង្កើនការត្រួតពិនិត្យករណីបំពានច្បាប់​បម្រាមគោចរ

ចែករំលែក៖

ដើម្បីធានាការអនុវត្តច្បាប់ទប់ស្កាត់ការឆ្លងកូវីដ​-១៩ បានល្អបំផុត ចាប់ពីវេលាម៉ោង​១៨ ដល់ម៉ោង​៦ព្រឹក រដ្ឋាភិបាលបារាំងបានបង្កើនកម្លាំងសន្តិសុខដើម្បីត្រួតពិនិត្យអ្នកដែលបំពានច្បាប់ មិនគោរពវិធានការទប់ស្កាត់កូវីដ​-១៩។
កាលពីយប់ថ្ងៃទី៥ ខែកុម្ភៈ ​នៅទីក្រុងប៉ារីស ប៉ូលិសបារាំងជាង ៨០០នាក់ព្រមទាំងកម្លាំងទាហាន​បាន​ដាក់ពង្រាយដើម្បីត្រួតពិនិត្យអ្នកដែលធ្វើដំណើរមិនគោរពច្បាប់បម្រាម មិនពាក់ម៉ាស់ពេលធ្វើដំណើរក៏ដូចជាបើកដំណើរការភោជនីយដ្ឋានដោយខុសច្បាប់ និងការជួបជុំគ្នាផ្សេងៗ។
ស្នងការប៉ូលិសទីក្រុងប៉ារីសបានឲ្យដឹងថា ការត្រួតពិនិត្យធ្វើឡើងនៅទីក្រុងប៉ារិស និងជាយក្រុង ដើម្បីធានាដល់ការអនុវត្តច្បាប់បម្រាមគោចរទប់ស្កាត់កូវីដ​-១៩ ប្រកបដោយប្រសិទ្ធភាពបំផុត ។ នៅយប់ថ្ងៃទី​៥ខែកុម្ភៈ មានពលរដ្ឋដល់ទៅ៣.៤៩៨នាក់ ត្រូវបានត្រួតពិនិត្យ​ ក្នុងនោះមាន ៣៣៩នាក់ត្រូវសរសេរកិច្ចសន្យា ។
នាយករដ្ឋមន្ត្រីបារាំង​លោកJean Castex បានឲ្យដឹងថា បារាំងមិនទាន់អនុវត្តច្បាប់បិទប្រទេសជាលើកទី​៣នៅឡើយទេ ហើយច្បាប់រឹតត្បិតនេះគឺជាវិធានការចុងក្រោយ​ ប្រសិនបើមិនមានប្រសិទ្ធភាព ពលរដ្ឋនៅតែបំពាននោះ អាចឈានដល់ការបិទប្រទេសលើកទីបី។
ក្រសួងសុខាភិបាលបារាំង បានឲ្យដឹងថា បច្ចុប្បន្ន បារាំងមានអ្នកជំងឺកូវីដ​-១៩ ចំនួន​២៧.៥៧២ ​នាក់កំពុងព្យាបាលនៅតាមមន្ទីរពេទ្យនានា ​ក្នុងនោះមាន ៣.២៣៥នាក់ត្រូវព្យាបាលពិសេស ដោយប្រើម៉ាស៊ីនជំនួយដកដង្ហើម​។​
បារាំងស្ថិតនៅលំដាប់ទី៦លើពិភពលោកពីចំនួនអ្នកឆ្លងកូវីដ​-១៩ ដោយមានអ្នកឆ្លងសរុប​ ៣.២៩៦.៧៤៧នាក់ និងស្លាប់ជាង ៧៨ពាន់នាក់ ៕ ដោយ៖ធី រីណា

រូបភាព៖ Francebleu


ចែករំលែក៖