នៅល្ងាចថ្ងៃទី៦ ខែកុម្ភៈ ចំនួនអ្នកឆ្លងកូវីដ-១៩ នៅក្នុងសហគមន៍មាន៤នាក់ ក្នុងនោះមាននៅទីក្រុងបាក់និញ និងតំបន់៣ផ្សេងទៀត។ តាមការលើកឡើងរបស់គណៈកម្មការប្រយុទ្ធប្រឆាំងកូវីដ-១៩ នៅល្ងាចថ្ងៃទី៦ខែកុម្ភៈបានប្រកាសថា មានអ្នកឆ្លងថ្មីចំនួន៥នាក់ ក្នុងនោះមាន ម្នាក់មកពីក្រៅប្រទេសនិង៤នាក់ក្នុងសហគមន៍។
នេះជាសញ្ញាមួយដ៏ល្អសម្រាប់ប្រទេសវៀតណាម ខណៈចូលឆ្នាំកាន់តែខិតជិតមកដល់។ ពលរដ្ឋសង្ឃឹមថា ពីថ្ងៃស្អែកទៅនឹងមិនមានអ្នកឆ្លងក្នុងសហគមន៍ទៀតឡើយ ។ ក្នុងរយៈពេលពីថ្ងៃទី២៧ខែមករាមកទល់ពេលនេះមានអ្នកឆ្លងដល់ទៅ៣៩៨នាក់។
ដោយឡែកនៅក្នុងប្រទេសថៃវិញ ក៏មានករណីឆ្លងធ្លាក់ចុះផងដែរ គឺពីជិត១ពាន់នាក់មកសល់តែ ៤៩០នាក់ប៉ុណ្ណោះ នៅថ្ងៃសៅរ៍នេះ។ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ អាជ្ញាធរថៃបានប្រកាសរកឃើញអ្នកជំងឺ COVID-19 ចំនួន ៤៩០នាក់ថ្មីទៀត ដោយក្នុងនោះ ៤៧៩នាក់ជាករណីឆ្លងក្នុងស្រុក និង ១១នាក់ទៀតជាករណីនាំចូលពីក្រៅប្រទេស។
អាជ្ញាធរគ្រប់គ្រងស្ថានការណ៍ COVID-19 នៅក្នុងប្រទេសថៃបានបញ្ជាក់ឲ្យដឹងទៀតថា នៅក្នុងចំណោមករណីឆ្លងថ្មីៗក្នុងស្រុកខាងលើនេះ ៤១២ករណីត្រូវបានធ្វើតេស្តរកឃើញនៅក្នុងសហគមន៍រស់នៅរបស់អ្នកជំងឺផ្ទាល់ និង ៦៧ករណីទៀតត្រូវបានធ្វើតេស្តរកឃើញនៅមន្ទីរពេទ្យនានា។ ខេត្តសាមុតសាខន នៅតែជាតំបន់ដែលមានករណីឆ្លងច្រើនបំផុតរហូតដល់ទៅ ៤៥០នាក់, ខណៈទីក្រុងបាងកកមាន២៣នាក់ និង៦នាក់ទៀតស្ថិតនៅតាមខេត្តមួយចំនួន។
ក្នុងចំណោមករណីឆ្លងថ្មីៗនៅខេត្តសាមុតសាខនខាងលើនេះ មានជនជាតិមីយ៉ាន់ម៉ារហូតដល់ទៅ ៣៩១នាក់ឯណោះ។ គិតត្រឹមថ្ងៃសៅរ៍នេះ ប្រទេសថៃមានករណីឆ្លង COVID-19 សរុប ២៣,១៣៤ករណី ក្នុងនោះមានអ្នកស្លាប់សរុប ៧៩នាក់ និងជាសះស្បើយឡើងវិញ ១៦,២៧៤នាក់៕ ដោយ៖ធី រីណា
រូបភាព៖ suckhoedoisong