អន្តរជាតិ៖ លោក Mohammad Javad Zarif រដ្ឋមន្ត្រីការបរទេសអុីរ៉ង់ ទាមទារឱ្យអាមេរិកត្រឡប់ចូលកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ឲ្យលឿនតាមតែអាចធ្វើបានដោយអះអាងថា៖ច្បាប់ដែលអនុម័តដោយសភា នឹងតម្រូវឲ្យរដ្ឋាភិបាលអុីរ៉ង់បង្កើនសកម្មភាពចម្រាញ់នុយក្លេអ៊ែរបន្ថែមទៀត។ ខណៈរដ្ឋសភាអុីរ៉ង់ បានអនុម័តច្បាប់ឲ្យរដ្ឋាភិបាលបង្កើនសកម្មភាពនុយក្លេអ៊ែរ បើអាមេរិកមិនដកទណ្ឌកម្មសេដ្ឋកិច្ចត្រឹមថ្ងៃទី២១ កុម្ភៈ។
បេីតាមរដ្ឋមន្ត្រីការបរទេសអុីរ៉ង់ បាននិយាយថា ច្បាប់ដែលអនុម័តដោយសភា និងបរិយាកាសមុនការបោះឆ្នោតប្រធានាធិបតីអុីរ៉ង់នៅខែមីនាខាងមុខ នឹងប៉ះពាល់កាន់តែខ្លាំងថែមទៀតដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ ច្បាប់ខាងលើ ក៏តម្រូវឱ្យអុីរ៉ង់បណ្តេញមន្ត្រីទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA) មិនឱ្យត្រួតពិនិត្យស្ថានីយនុយក្លេអ៊ែររបស់ខ្លួនផងដែរ។
ជាក់ស្តែងលោកJavad Zarif បានលេីកឡេីងនៅក្នុងកិច្ចសម្ភាសន៍ជាមួយកាសែតHamshahri ដែលចុះផ្សាយនៅថ្ងៃទី៦ កុម្ភៈម្សិលមិញនេះថា៖ «ពេលវេលាសម្រាប់អាមេរិកកាន់តែខើច ដោយសារតែច្បាប់ និងការបោះឆ្នោតនាពេលខាងមុខ»។ សភាអុីរ៉ង់ ដែលកាន់កាប់ដោយអ្នកមានជំហរតឹងតែងប្រឆាំងអាមេរិក អនុម័តច្បាប់កាលពីខែធ្នូ ឆ្នាំ២០២០ តម្រូវឱ្យអុីរ៉ង់លែងគោរពកាតព្វកិច្ចនៃកិច្ចព្រមព្រៀងបន្តិចម្តងៗ ចាប់ពីថ្ងៃទី២១ កុម្ភៈខាងមុខនេះ។
ចំណែករដ្ឋបាលប្រធានាធិបតីអាមេរិកថ្មីលោក ចូ បៃឌិន បានអះអាងថា នឹងស្វែងរកវិធីក្នុងការស្រោចស្រង់កិច្ចព្រមព្រៀងដែលចុះហត្ថលេខាជាមួយអុីរ៉ង់ រុស្ស៊ី ចិន បារាំង អាល្លឺម៉ង និងអង់គ្លេស។ បន្ទាប់ពីអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ដកអាមេរិកចេញពីកិច្ចព្រមព្រៀងនេះក្នុងឆ្នាំ២០១៨។ ជាការឆ្លើយតប អុីរ៉ង់ចាប់ផ្តើមចម្រាញ់សារធាតុនុយក្លេអ៊ែរ(អ៊ុយរ៉ាញ៉ូម)ដល់កម្រិត២០ភាគរយ កម្រិតមួយដែលអុីរ៉ង់ធ្វើមុនមានកិច្ចព្រមព្រៀង។
សូមជម្រាបថា លោក ចូ បៃឌិន កន្លងមកធ្លាប់ អះអាងថា អុីរ៉ង់ត្រូវបំពេញកាតព្វកិច្ចជាមុនសិន ទើបអាមេរិកអនុវត្តតាមដែរ។ អាមេរិកក៏មានបំណងចង់ពង្រីកកិច្ចព្រមព្រៀងបន្ថែមទៀត ដោយក្តោបទៅលើសកម្មភាពមីស៊ីលផ្លោងរបស់អុីរ៉ង់។ ចំពោះបញ្ហានេះអុីរ៉ង់សង្កត់ធ្ងន់ថា អាមេរិកត្រូវគោរពកិច្ចព្រមព្រៀងជាមុន និងបដិសេធការចចារបន្ថែមទៀត។ ទោះជាយ៉ាងណាក្តីលោករដ្ឋមន្ត្រីការបរទេសអុីរ៉ង់ បាននិយាយនៅថ្ងៃទី១ កុម្ភៈកន្លងទៅថ្មីៗនេះថា អឺរ៉ុបដែលមានបារាំង អង់គ្លេស និងអាល្លឺម៉ង់អាចជួយសម្រួលរៀបចំពេលវេលាសម្រាប់អាមេរិក និងអុីរ៉ង់ក្នុងការគោរពកាតព្វកិច្ចរៀងខ្លួនៗបន្តិចម្តងៗ។
ជាមួយគ្នានេះ ក្រៅពីរឿងនុយក្លេអ៊ែរ អុីរ៉ង់ ក៏និយាយផងដែរពីសង្គ្រាមស៊ីវិលនៅយេម៉ែន។ អុីរ៉ង់ស្វាគមន៍ជំហររបស់អាមេរិកក្នុងការបញ្ចប់សង្គ្រាមស៊ីវិលនៅទីនោះ ដោយលែងគាំទ្រសម្ព័ន្ធយោធាដឹកនាំដោយអារ៉ាប៊ីសាអូឌីត។ អុីរ៉ង់ បន្តថាការឈប់ លូកដៃក្នុងសង្គ្រាមយេម៉ែនគឺជាការចាប់ផ្តើមកែប្រែកំហុស ប៉ុន្តែមានរឿងជាច្រើនទៀតដែលត្រូវធ្វើ។
គួរបញ្ជក់ថា រដ្ឋមន្ត្រីការបរទេសអុីរ៉ង់ បានសង្កត់ធ្ងន់ដែរថា ការបិទខ្ទប់ផ្លូវអាកាស ផ្លូវគោក និងទឹក ត្រូវតែបញ្ចប់។ ការរាំងខ្ទប់ទាំងនេះ បានធ្វើឲ្យមនុស្សរាប់ពាន់នាក់ស្លាប់ដោយគ្មានអាហារ និងឱសថ។
ដោយឡែកដើម្បីដោះស្រាយបញ្ហានេះដែរ អាមេរិកបានតែងតាំងលោក Timothy Lenderking អ្នកការទូតជើងចាស់ ជាប្រេសិតពិសេសរបស់អាមេរិកដើម្បីបញ្ចប់សង្គ្រាមនៅយេម៉ែន ក៏ដូចជាដកក្រុមហ៊ូទី ដែលជាភាគីនៃសង្គ្រាមស៊ីវិល ចេញពីបញ្ជីក្រុមភេរវនិយម ដើម្បីអាចផ្តល់ជំនួយមនុស្សធម៌ទៅប្រជាជនរងគ្រោះដែលកាន់កាប់ដោយក្រុមហ៊ូទីបាន៕ដោយ៖ស តារា
រដ្ឋមន្ត្រីការបរទេសអុីរ៉ង់ លោកMohammad Javad Zarif
រូបភាព៖ AFP