ព័ត៌មានទាន់ហេតុការណ៍៖

បាតុកម្មកើតឡើងគ្រប់ទិសទីប្រឆាំងការធ្វើរដ្ឋប្រហារនៅមីយ៉ាន់ម៉ា

ចែករំលែក៖

ពលរដ្ឋរាប់សិបពាន់នាក់នាំគ្នាប្រមូលផ្តុំនៅតាមទីក្រុងធំៗក្នុងប្រទេសនេះដើម្បីធ្វើបាតុកម្ម ប្រឆាំងការធ្វើរដ្ឋប្រហារនៅក្នុងប្រទេសមីយ៉ាន់ម៉ា ។ ក្រុមបាតុករបានស្នើឲ្យដោះលែង លោកស្រី អោងសាន ស៊ូជី និងប្រធានាធិបតីព្រមទាំងអ្នកនយោបាយជាច្រើនផ្សេងទៀតដែលយោធាចាប់ខ្លួន​។
ក្រុមបាតុករនៅថ្ងៃទី​៧ខែកុម្ភៈ បាននាំគ្នាដង្ហែរក្បួនបាតុកម្មនៅទីក្រុង​ Yangon ដោយមានប៉េងប៉ោងពណ៌ក្រហមតំណាងឲ្យ​សម្ព័ន្ធមិត្តជាតិដើម្បីប្រជាធិបតេយ្យ (NLD)របស់លោកស្រី​អោងសានស៊ូជី ​និងស្រែកពាក្យស្លោក​ទាមទារប្រជាធិបតេយ្យ។
«យើងនឹងបន្តប្រឹងប្រែងដើរឆ្ពោះទៅមុខ ហើយបន្តទាមទាររហូតទាល់តែយើងទទួលបានលទ្ធិប្រជាធិបតេយ្យមកវិញ… បរាជ័យរបបយោធាផ្តាច់ការ» ។ ចលនាបាតុកម្មនេះ បានចាប់ផ្តើមឡើងកាលពីថ្ងៃសៅរ៍ម្សិលមិញ ជាមួយវត្តមានប្រជាជនមីយ៉ាន់ម៉ារាប់ពាន់នាក់ បន្ទាប់ពីរដ្ឋប្រហារយោធា បានផ្ទុះឡើងកាលពីថ្ងៃចន្ទសប្តាហ៍នេះ ហើយពួកគេក៏បានទាមទារឲ្យដោះលែង លោកស្រី ស៊ូជី ផងដែរ។
បាតុកម្មតវ៉ាខាងលើកើតមានឡើង តបតាមការអំពាវនាវរបស់ គណបក្សសម្ព័ន្ធជាតិដើម្បីប្រធិបតេយ្យ (NLD) របស់លោកស្រី ស៊ូជី ដែលជំរុញឱ្យប្រជាជនមីយ៉ាន់ម៉ា ក្រោកឈរឡើងធ្វើបាតុកម្មតវ៉ាប្រឆាំងរដ្ឋប្រហារដោយយោធា និងចំពេលរដ្ឋាភិបាលថ្មីរបស់យោធា បានបិទខ្ទប់បណ្ដាញទំនាក់ទំនងសង្គមនានាដូចជា Facebook, Twitter និង Instagram ដោយសំអាងលើហេតុផលរក្សាស្ថេរភាពជាតិ។
យោធាមីយ៉ាន់ម៉ា ក្រោមការដឹកនាំរបស់អគ្គមេបញ្ជាការលោក មីន អោង ហ្លេង បានសម្រេចធ្វើរដ្ឋប្រហារយ៉ាងដូច្នេះ ដោយអះអាងថា ជាវាការឆ្លើយតបទៅនឹងការបោះឆ្នោតសកលកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលខ្លួនចាត់ទុកជាការបោះឆ្នោតមានការលួចបន្លំ ខណៈលទ្ធផលនៃការបោះឆ្នោតនោះ បានបង្ហាញថា គណបក្សលោកស្រី ស៊ូជី ជាអ្នកឈ្នះយ៉ាងភ្លូកទឹកភ្លូកដី។
សហគមន៍អន្តរជាតិ យោធាបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ ហើយប្រគល់អំណាចគ្រប់យ៉ាងលោកអគ្គមេបញ្ជាការយោធា មីន អោង ហ្លេង ព្រមទាំងសន្យាថា នឹងរៀបចំការបោះឆ្នោតសកលថ្មីមួយដោយសេរី និងយុត្តិធម៌ នៅក្រោយការបញ្ចប់ការដាក់ប្រទេសក្នុងគ្រាអាសន្ន។ ទោះជាយ៉ាងណា កាលបរិច្ឆេទជាក់លាក់នៃការរៀបចំការបោះឆ្នោតនោះ នៅមិនទាន់មានការបញ្ជាក់ឡើយ៕

ដោយ៖ធី រីណា(រូបភាព៖Reuters )


ចែករំលែក៖