ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុយ វណ្ណៈ រំឮកពី “សិទ្ធិជាសកល” របស់មនុស្សជាតិ

ចែករំលែក៖

ភ្នំពេញ៖ ប្រធានសហភាពសហព័ន្ធសារព័ត៌មានកម្ពុជា លោក ហ៊ុយ វណ្ណៈ នៅរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ បានថ្លែងឲ្យដឹងថា, «សិទ្ធិជាសកល» របស់មនុស្សជាតិមាន៣៖

• សិទ្ធិមនុស្ស (Human Rights)
• សន្តិសុខមនុស្សជាតិ (Human Security)
• ការអភិវឌ្ឍន៍មនុស្សជាតិ (Human Development។
លោកបានបញ្ជាក់លម្អិតថា ៖
១. «សិទ្ធិមនុស្ស» គឺជាតម្លៃរួមជាសកលសម្រាប់មនុស្សគ្រប់ជាតិសាសន៍។ ចំណែកឯ «ប្រជាធិបតេយ្យ» គឺជាទម្រង់អភិបាលកិច្ច និងជាទស្សនវិជ្ជានយោបាយប៉ុណ្ណោះ។ ដូច្នេះ ២នេះគឺខុសគ្នាដាច់ស្រឡះ។ ក៏ប៉ុន្តែ មហាអំណាច បានយកបញ្ញត្តិ សិទ្ធិមនុស្ស ទៅភ្ជាប់នឹងទស្សនវិជ្ជាមនោគមន៍នយោបាយរបស់ខ្លួន ដោយគេប្រើពាក្យរួមថា៖ «សិទ្ធិមនុស្ស & ប្រជាធិបតេយ្យ» ដើម្បីពង្រីកឥទ្ធិពលនយោបាយការបរទេសផ្ទាល់ខ្លួន។ ករណីជាច្រើន មិនមែនបញ្ហាសិទ្ធិមនុស្សទេ ប៉ុន្តែជាការអន្តរាគមន៍ប្រជាធិបតេយ្យ ដែលជាឧបករណ៍របស់ខ្លួន។ ខ្មែរយើងមានពាក្យថា «អ្នកធំនិយាយអ្វីក៏ត្រូវ»។ នេះជាការពិត។
២. សម្រាប់ប្រទេសតូចៗវិញ ការយកចិត្តទុកដាក់ធំបំផុតមិនមែនទស្សនវិជ្ជានយោបាយ ក្រហម ខៀវ នោះទេ ក៏ប៉ុន្តែ ខិតខំធ្វើយ៉ាងណានាំ «ប្រយោជន៍មកអភិវឌ្ឍប្រទេសជាតិដែលកំពុងមានតម្រូវការគ្រប់ផ្នែក»។ ដូច្នេះ «សន្តិសុខមនុស្សជាតិ និង ការអភិវឌ្ឍន៍មនុស្សជាតិ» គឺសំដៅដល់បំណងធំ២ អភិវឌ្ឍប្រទេសឲ្យងើបពីភាពក្រីក្រ និង ការពារអធិបតេយ្យខ្លួន កុំឲ្យប្រទេសធំៗលូកលាន់។ ប៉ុន្តែ នៅវេទិកាអន្តរជាតិ ប្រទេសធំៗ មិនរំលឹកនិយាយ មិនលើកនិយាយ ហើយក៏ធ្វើជាស្តាប់មិនឮ ពីតម្រូវការនោះទេ។ ម្តងម្កាល ដើម្បីដោះសារ គេនិយាយថា ប្រទេសតូចគ្មានសមត្ថភាពធ្វើដល់កម្រិតអ្វីដែលហៅថា «ស្តង់ដាររបស់គេ» ឬអ្វីដែលគេតែងនិយាយបិទបាំងថា «ស្តង់ដារអន្តរជាតិ»។ តើស្តង់ដារអន្តរជាតិជាអ្វី? ចម្លើយគឺ៖ ផ្លូវ គេអាចវាស់បាន តែគ្មាននរណាអាចវាស់ចម្ងាយមាត់របស់អ្នកនិយាយបានទេ។ ដូច្នេះ ទើបមានពាក្យថា «ស្តង់ដារពីរ»។ កុំឆ្ងល់! ពិភពលោក នឹងបន្តដើរតាមប្រពៃណី «ត្រីធំ ស៊ីត្រីតូច» ជាដរាប។ ប៉ុន្តែ កូវីដ១៩ បង្កើតឱកាសថ្មី ក្នុងភូមិសាស្ត្រនយោបាយ។ ទោះយ៉ាងណា សម្រាប់ប្រទេសតូចៗ «ការបែងចែកផលជាតិ» គឺត្រូវយកចិត្តទុកដាក់បំផុតនិងជាប្រចាំ ជៀសវាងប្រការ «ដើមឈើ រលើងឫស»៕

ដោយ៖ សិលា


ចែករំលែក៖