ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានហៅក្រុមអ្នកប្រឆាំងទាំងក្នុងស្រុក និងក្រៅប្រទេសជា «ក្រុមឆ្កែកាច» ហើយសម្ដេចនឹងមិនឆ្លើយតប ឬមិនតបតជាមួយក្រុមនោះឡើយ។ ការថ្លែងបែបនេះ សម្ដេចតេជោ ហ៊ុន សែន បានធ្វេីឡេីងនៅល្ងាចថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្នុងពិធីទទួលជំនួយវ៉ាក់សាំងកូវីដ១៩ របស់រដ្ឋាភិបាលចិន ជំហានទី១ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ មិនតែប៉ុណ្ណោះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសបន្ថែមថា សម្តេចនឹងមិននិយាយជាមួយតំណាងទូតណាទាំងអស់ ដែលនាំបញ្ហារបស់បុគ្គលមួយចំនួន ដែលសម្តេចហៅថា «ឆ្កែកាច» មកជជែកជាមួយសម្តេចទៀតទេ ព្រោះក្រុមនោះមិនមានតម្លៃសម្រាប់សម្ដេច ដែលត្រូវឆ្លើយឆ្លងនោះទេ។
ជាក់ស្តែងប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សុំអ្នកទាំងអស់គ្នាដែលគាំទ្រខ្ញុំ គាំទ្ររាជរដ្ឋាភិបាលឈប់តមាត់តកជាមួយក្រុមឆ្កែកាច យកល្អបំផុតកុំរលឹកឈ្មោះ […] បើឈប់និយាយហើយ កុំថាឡើយតមាត់ជាមួយអ្នកនោះ ទោះបីជាស្ថានតំណាងទូតនានាមកនិយាយជាមួយខ្ញុំ ក៏ខ្ញុំអត់ឆ្លើយតបដែរ គឺមិននិយាយជាមួយតែម្ដង បើទោះបីអ្នកខ្លះថា ទុកឲ្យបរទេសមកចរចាជាមួយ ហ៊ុន សែន ខ្ញុំអត់មានការចាំបាច់ត្រូវនិយាយជាមួយអ្នកណា លើរឿងរបស់កម្ពុជាទេ លើរឿងបុគ្គលណាទេ»។
សម្ដេចតេជោនាយករដ្ឋមន្ដ្រីនៃកម្ពុជា គូសបញ្ជាក់ទៀតថា បើកាលណាសម្ដេចប្រកាសឈប់ឆ្លើយតប ហើយណែនាំឲ្យមន្ដ្រីថ្នាក់ក្រោមឈប់តបតទៀតនោះ មានន័យថា ទ្វារត្រូវបានបិទ។ ត្រង់ចំណុចនេះ គេអាចសន្និដ្ឋានបានថា រាល់ការចរចាណាមួយ គឺមិនអាចកើតឡើងបាននោះឡើយ ជាមួយក្រុមអ្នកនយោបាយប្រឆាំងទាំងនៅក្រៅប្រទេស និងក្នុងប្រទេស។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំទៀតថា រាជរដ្ឋាភិបាលកម្ពុជា មិនខ្វាយខ្វល់ជាមួយនឹងអ្វីដែលមនុស្សមួយក្ដាប់តូចនិយាយនោះទេ អ្វីដែលរាជរដ្ឋាភិបាល ត្រូវគិតគូរ គឺសេចក្ដីសុខរបស់ប្រជាជនកម្ពុជា១៦លាននាក់ នៅក្នុងប្រទេស ដែលត្រូវរក្សាឲ្យបាននូវសន្ដិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម កាត់បន្ថយភាពក្រីក្រនៅតែធ្វើបន្ដ។
សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា មនុស្សមួយចំនួនតូចមិនសប្បាយចិត្ត ទុកឲ្យអ្នកនោះមិនសប្បាយចិត្ត ហើយប្រទេសកម្ពុជា មានមនុស្សតិចណាស់ដែលនៅក្នុងគុក ឬក៏រត់ចោលស្រុក ព្រោះគេជាអ្នកបង្កើតរឿង ដូច្នេះសម្ដេចមិនមានអ្វីដែលត្រូវឆ្លើយតប និងប្រាប់មិនឲ្យសូម្បីតែរំលឹកឈ្មោះក្រុមនេះ។
សូមជម្រាបថា បេីនិយាយអំពីក្រុមឆ្កែកាច ដែលសម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នេះ បើទោះបីសម្ដេចបានលើកឡើងចំឈ្មោះក៏ពិតមែន ប៉ុន្ដែគេអាចសន្និដ្ឋានបានថា គឺជាក្រុមអ្នកនយោបាយប្រឆាំងដែលកំពុងរត់គេចខ្លួនទៅជ្រកកោននៅក្រៅប្រទេស ក្រោយប្រព្រឹត្តខុសនឹងច្បាប់រដ្ឋ ក៏ដូចជាអ្នកនយោបាយប្រឆាំងនៅក្នុងប្រទេសផងដែរ៕ដោយ៖សហការី