ភ្នំពេញ ៖ នារីម្នាក់បានចេញពីធ្វើការរួចហៅPassAppជិះត្រឡប់ទៅផ្ទះវិញ បែរជាស៊យត្រូវម្ចាស់PassAppធ្វើសកម្មភាពដកកាំបិតចុងស្រួចផ្ជុងប្លន់យកកាបូបស្ពាយបានសម្រេច រួចបើកគេចបាត់ស្រមោលមិនរំខានដល់សមត្ថកិច្ចខណ្ឌដូនពេញ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង១០នាទីយប់ថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវR6 ជិតផ្លូវរថភ្លើង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
នារីរងគ្រោះសុំមិនបញ្ចេញឈ្មោះបានរៀបរាប់ទាំងទឹកភ្នែកថា មុនពេលកើតហេតុរូបគាត់បានចេញពីធ្វើការនៅច្បារអំពៅ ហេីយបានហៅPassAppមកជិះគោលបំណងទៅផ្ទះម្ដាយមីងនៅខាងក្រោយមន្ទីរពេទ្យកាល់ម៉ែត ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែជនសង្ស័យជាម្ចាស់PassAppយកលេសឈប់បត់ជេីងតូច រួចហេីយក៏បានធ្វើសកម្មភាពដកកាំបិតចុងស្រួចមកផ្ជុងរូបគាត់គំរាមយកកាបូបស្ពាយដែលមានសម្ភារៈមួយចំនួននិងលុយចំនួន២១០$ ហើយដេញគាត់ឲ្យចុះរួចបើកPassAppគេចខ្លួនដោយសុវត្តិភាពមិនរំខានដល់សមត្ថកិច្ចមូលដ្ឋានឡេីយ ។
ក្រោយកើតហេតុទេីបសមត្ថកិច្ចមូលដ្ឋានបានចុះមកចំណុចកើតហេតុ ហេីយបានដឹកជនរងគ្រោះទៅកាន់ប៉ុស្តិ៍រដ្ឋបាលស្រះចក ដើម្បីឲ្យនារីរងគ្រោះដាក់ពាក្យបណ្ដឹង និងកំណត់មុខសញ្ញាតាមចាប់ជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់ ៕
ដោយ៖ ភារ៉ា ដង្កោ