ការប្រកួតក្របខ័ណ្ឌកំពូលរបស់អឺរ៉ុប Champions League អង់គ្លេសវគ្គ១៦ក្រុមចុងក្រោយរបស់ Liverpool ទល់នឹងក្រុម RB Leipzig នឹងត្រូវលេងនៅទីក្រុង Budapest ប្រទេសហុងគ្រី បន្ទាប់ពីពួកគេត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់។
ប្រទេសអាល្លឺម៉ង់បានហាមឃាត់ការធ្វើដំណើរភាគច្រើនពីបណ្តាប្រទេសដែលរងការប៉ះទង្គិចយ៉ាងខ្លាំងដោយសារ Covid-19 ប្រភេទថ្មី រួមទាំងចក្រភពអង់គ្លេសផងដែរ។
ក្លិប Leipzig របស់ក្របខ័ណ្ឌ Bundesliga ត្រូវបានគេអះអាងថាការប្រកួតនេះ មិនបានបំពេញតាមតម្រូវការសម្រាប់ករណីលើកលែងនោះទេ ។ ការប្រកួតនេះនឹងប្រព្រឹត្តទៅនៅកីឡដ្ឋាន Puskas Arena នៃទីក្រុង Budapest នៅថ្ងៃទី១៦ ខែកុម្ភៈ ខាងមុខ។ ជើងទី២នឹងត្រូវប្រកួតនៅថ្ងៃទី១០ ខែមីនានៅកីឡដ្ឋាន Anfield ក្នុងទឹកដីរបស់ក្រុមហង្សក្រហមវិញ។
UEFA បានថ្លែងអំណរគុណដល់ក្លិបទាំងពីរដែលបានសហការ និងផ្តល់ជំនួយយ៉ាងជិតស្និទ្ធក្នុងការស្វែងរកដំណោះស្រាយក៏ដូចជាសហព័ន្ធកីឡាបាល់ទាត់ហុងគ្រីដែលបានយល់ព្រមធ្វើជាម្ចាស់ផ្ទះនៃការប្រកួតនេះ៕ដោយ៖ភារៈ