ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, គណនី Instagram ដែលប្រើឈ្មោះសម្គាល់ប្រភេទ O.G. មួយចំនួនត្រូវបានបិទបន្ទាប់ពីការស៊ើបអង្កេតអស់រយៈពេលជាច្រើនខែទៅលើគេហទំព័រ ogusers(.)com ដែលក្រុមហ៊ុនជឿថា គឺជាកន្លែងទិញនិងលក់ឈ្មោះសម្គាល់ជាច្រើននោះ។
ឈ្មោះសម្គាល់ដែលជនខិលខូចបានលួចនោះគឺជាប្រភេទឈ្មោះសម្គាល់ O.G. ដែលអ្នកប្រើប្រាស់ភាគច្រើនចង់បាននិងមានតម្លៃខ្ពស់រហូតដល់ទៅ ៤ម៉ឺនដុល្លារនៅក្នុងទីផ្សារងងឹត។ កត្តាដែលធ្វើឱ្យឈ្មោះសម្គាល់ O.G. មានភាពពិសេសដែលនាំឱ្យអ្នកប្រើប្រាស់ចង់បាននោះគឺ ដោយសារវាខ្លីហើយមានន័យ មានដូចជា @Sick និង @Miracle ជាដើម។ ម្យ៉ាងវិញទៀតការប្រើប្រាស់ឈ្មោះសម្គាល់ខ្លីៗ ក៏អាចជាសញ្ញាមួយបញ្ជាក់ថាពួកគេគឺជាអ្នកប្រើកម្មវិធីនេះជាយូរមកហើយ។
បើតាមការស្រាវជ្រាវបានបង្ហាញថា ទោះបីជាឈ្មោះសម្គាល់មួយចំនួនត្រូវបានលួចយក តាមរយៈការជ្រៀតចូល ឬការវាយប្រហារមានដូចជាការលួចផ្ទេរសេវាកម្មទៅសុីមទូរសព្ទថ្មី (SIM swap) នោះក្ដីប៉ុន្តែពេលខ្លះទៀត ឈ្មោះសម្គាល់ទាំងនេះត្រូវបានប្រគល់ឱ្យជនខិលខូចដោយសារតែមានការគំរាមកំហែង ឬការបំពានណាមួយ។ ក្រុមហ៊ុនក៏បានបញ្ជាក់ផងដែរថា មានជនខិលខូចចំនួន ៩នាក់ដែលនៅពីក្រោយការជួញដូរនេះ ហើយភាគច្រើនពួកគេបានប្រើគេហទំព័រ ខាងលើនិងកម្មវិធី Telegram ដើម្បីធ្វើការទំនាក់ទំនងជាមួយអតិថិជនរបស់ពួកគេ។
សម្រាប់លោកអ្នកដែលពុំទាន់ស្គាល់អំពីវិធី SIM swap នោះវាគឺជាការជ្រៀតចូលដែលជនខិលខូចធ្វើការទំនាក់ទំនងទៅក្រុមហ៊ុនទូរសព្ទ ដោយបន្លំខ្លួនធ្វើជាម្ចាស់លេខទូរសព្ទ ហើយស្នើសុំឱ្យក្រុមហ៊ុនផ្លាស់ប្ដូរសេវាកម្មទៅប្រើជាមួយនឹងសុីមថ្មីដែលនេះអាចឱ្យពួកគេទទួលបានលេខសម្ងាត់ OTP ដើម្បីបញ្ជាក់អត្តសញ្ញាណក្នុងការផ្លាស់ប្ដូរគណនីជាមួយនឹងក្រុមហ៊ុន Instagram បាន៕
ដោយ៖ សិលា