ខេត្តស្វាយរៀងះ លោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា និងលោកស្រី ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា ព្រមទាំងលោកលោកស្រីជាសមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្តកាកបាទក្រហម សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកបានចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ សិស្ស និស្សិត អាជីវករ និងសាធារណជន ឲ្យយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ រាល់ពេលធ្វើដំណើរ បើកបរត្រូវចេះអធ្យាស្រ័យគ្នា មិនបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងបើកបរលើសល្បឿនកំណត់ ដើម្បីឈានទៅដល់ការកាត់បន្ថយអត្រាពិការ ស្លាប់ និងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១នៅក្នុងក្រុងស្វាយរៀង។
នាឱកាសនោះ លោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខា បានបញ្ជាក់ថាបញ្ហាគ្រោះថ្នាក់ចរាចរណ៍បានបង្កនូវផលលំបាកដ៏ធ្ងន់ធ្ងរដល់សង្គមជាតិ ដោយបានបំផ្លាញទាំងទ្រព្យសម្បត្តិ ទាំងអាយុជីវិត និងបន្សល់ទុកនូវជនរងគ្រោះ ជនពិការ ក្មេងកំព្រា ស្ត្រីមេម៉ាយ គ្រួសារក្រីក្រ ។ ល ។ បញ្ហានេះបានទាក់ទាញនូវការយកចិត្តទុកដាក់ពីសំណាក់ រាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយនូវ អត្រាគ្រោះថ្នាក់ចរាចរណ៍តាមរយៈការបង្កើតគណៈកម្មាធិការជាតិ សុវត្ថិភាព ចរាចរណ៍ផ្លូវគោក ប្រព័ន្ធព័ត៌មានជនរងគ្រោះ និង គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គោលនយោបាយ និងផែនការសកម្មភាពជាតិទសវត្សសុវត្ថិភាពចរាចរណ៍ផ្លូវគោករយៈពេល ១០ឆ្នាំ ហើយការផ្សព្វផ្សាយនាពេលនេះគឺក្នុងគោលបំណងអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ត្រូវពាក់មួកសុវត្ថិភាពឲ្យបានគ្រប់ៗគ្នាទាំងអ្នកបើកបរ និងអ្នករួមដំណើរពីក្រោយគ្រប់ពេលវេលាដែលធ្វើចរាចរណ៍តាមដងផ្លូវតាមរយៈម៉ូតូ ដើម្បីធានាសុវត្ថិភាព កុំឲ្យមានរបួសក្បាលបណ្តាលឲ្យស្លាប់ បើគ្មានមួកសុវត្ថិភាពកុំបើកបរ និងជិះពីក្រោយ ។
ត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន កុំបើកបរហួសល្បឿនកំណត់ និងត្រូវបំពេញលក្ខខណ្ឌយានជំនិះរបស់ខ្លួនឲ្យបានគ្រប់គ្រាន់ ដូចជាកញ្ចក់មើលក្រោយ ចង្កៀងបំភ្លឺភ្លើង សញ្ញាបត់ ។ល។
លោកស្រីបានបន្ថែមថា គ្រោះថ្នាក់ចរាចរណ៍កំពុងក្លាយជាឃាតកសម្លាប់ជីវិតមនុស្សនៅលើដងផ្លូវសាធារណៈយ៉ាងច្រើនបំផុត និងបង្កឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពសាធារណៈក្នុងប្រទេសកម្ពុជា ដែលមានមនុស្សស្លាប់ និងច្រើនពាន់នាក់ផ្សេងទៀតរងរបួសធ្ងន់ ស្រាលធ្វើឲ្យប្រទេសកម្ពុជាខាតបង់ថវិកាច្រើន រយលានដុល្លារ ។
ដោយមើលឃើញពីស្ថានភាពនៃគ្រោះថ្នាក់ចរាចរណ៍ពីមួយឆ្នាំទៅមួយឆ្នាំ មានការកើនឡើង សាខាកាកបាទក្រហមកម្ពុជាខេត្ត បាននិងជំរុញឲ្យមានអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម កម្ពុជា ចុះសហការជាមួយមន្ត្រីចរាចរណ៍ផ្លូវគោកនៅតាមចំណុចគោលដៅដើម្បីផ្សព្វផ្សាយពីផលប៉ះពាល់ដោយសារ គ្រោះថ្នាក់ចរាចរណ៍ និងធ្វើការណែនាំឲ្យអ្នកបើកបរទាំងអស់ត្រូវពាក់មួកសុវត្ថិភាព ខ្សែក្រវាត់សុវត្ថិភាព និងការបើកបរ ក្រោមឥទ្ធិពលគ្រឿងស្រវឹង ។
ក្នុងយុទ្ធនាការនេះមានចែកជូននូវឯកសារពាក់ព័ន្ធ ខិត្តប័ណ្ណនានា ទាក់ទងនឹងច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ ផ្លូវគោក បិទចំណាំងផ្លាត និងមានការរៀបចំជាកម្មវិធីសំណួរ ចម្លើយស្តីពីច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ អ្នកដែលឆ្លើយត្រូវទទួលបានមួកសុវត្ថិភាព អាវយឺត ពីក្រុមការងារសាខា និងមន្ទីរសាធារណការ និងដឹកជញ្ជូន ។
ជាមួយគ្នានេះដែរក្រុមការងារក៏បានធ្វើការផ្សព្វផ្សាយបញ្ជ្រាបនូវសាររបស់ក្រសួងសុខាភិបាលពាក់ព័ន្ធទៅនឹងវិធានការ ការពារពីជំងឺកូវីដ-១៩ ដល់សាធារណជនទូទៅដែលកំពុងធ្វើដំណើរលើដងផ្លូវសាធារណៈត្រង់ចំណុច នៅភ្លើងស្តុបសួនតាឌី នៅរង្វង់មូលមុខសាលាក្រុងស្វាយរៀង និងនៅផ្លូវកែងទំនប់តាណេង៕
ដោយ៖យឹម សុថាន