ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសដំបូងគេដែលបានប្រកាសផ្តាច់ទំនាក់ទំនងជាមួយ​មីយ៉ាន់ម៉ាក្រោយរដ្ឋប្រហារ

ចែករំលែក៖

នៅថ្ងៃទី​៩ខែកុម្ភៈ នាយករដ្ឋមន្ត្រីប្រទេសនូវែលហ្សេឡង់​លោកស្រីJacinda Ardern បានប្រកាសថា រដ្ឋាភិបាលប្រទេសនេះបានផ្អាករាល់ទំនាក់ទំនង​នយោបាយ និងយោធាជាមួយប្រទេសមីយ៉ាន់ម៉ា ។
នាយករដ្ឋមន្ត្រី​Jacinda Ardern បានបញ្ជាក់ទៅកាន់ក្រុមអ្នកសារព័ត៌មានថា នូវែលហ្សេឡង់​នឹងអនុម័តច្បាប់ហាមធ្វើដំណើរទៅកាន់មីយ៉ាន់ម៉ា និងនយោបាយជាច្រើនទៀត ដែលអាចនាំម​កផលប្រយោជន៍ដល់​រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា​។
នៅក្នុងសេចក្តីប្រកាស រដ្ឋមន្ត្រីការបរទេសនូវែលហ្សេឡង់​បានលើកឡើងថា រដ្ឋាភិបាល​មិនទទួលស្គាល់រដ្ឋាភិបាលដឹកនាំដោយយោធាមីយ៉ាន់ម៉ានោះឡើយ ។ ទន្ទឹមនឹងនោះ នូវែលហ្សេឡង់​បានអំពាវនាវដល់រដ្ឋាភិបាលយោធា ដោះលែងមេដឹកនាំ​ដែលយោធាបានចាប់ខ្លួន​។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ​​ក្រុមបាតុករ បានប្រមូលផ្តុំគ្នានៅទីក្រុង Yangon ​ទីក្រុងធំបំផុតរបស់មីយ៉ាន់ម៉ា ​មិនខ្វល់ពីការព្រមានពីកម្លាំងយោធា​ឡើយ។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​និងប្រទេសជាច្រើនទៀតអំពាវនាវដល់យោធាដោះលែង​មន្ត្រីជាន់ខ្ពស់ដែលយោធាបានចាប់ខ្លួន ក្នុងនោះមាន លោកស្រី អោងសាន ស៊ូជី និងប្រធានាធិបតី​ផងដែរ៕ ដោយ៖ធី រីណា

រូបភាព៖ AFP


ចែករំលែក៖