ព័ត៌មានទាន់ហេតុការណ៍៖

អាសូរ​ណាស់លោកអេីយ! មិត្ត​ស្រី​យំអោបសព ខណៈសង្សារជិះម៉ូតូត្រឡប់មកពីចប់កម្មវិធីថ្ងៃគម្រប់ខួបស្នេហា២ឆ្នាំ២ខែ​ បុកទ្រូងផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់​ បានស្លាប់យ៉ាងអាណោចអាធ័មភ្លាមៗនៅនឹងកន្លែងកេីតហេតុ​ ចោលសង្សារដែលរូបគេទេីបតែធ្វេីខួប Anniversary រយៈពេល២ឆ្នាំ២ខែរួចហើយក៏ជិះម៉ូតូបំណងត្រលប់ទៅផ្ទះ​ ប៉ុន្តែដោយសារតែមេឃកំពុងតែភ្លៀងធ្លាក់ខ្លាំងមេីលផ្លូវមិនច្បាស់ក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ​ ដែលរថយន្តមួយគ្រឿងបានបេីកបុកមុនបណ្ដាយឲ្យខ្ទាតរាយប៉ាយពេញផ្លូវ​។

ហេតុការណ៍នេះ​ បានកេីតឡេីងកាលពីវេលាម៉ោង០៣​ និង០៥នាទីទាបភ្លឺឈានចូលថ្ងៃអង្គារទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ត្រង់ចំណុចមុខក្រសួងការពារជាតិ តាមមហាវិថីសហព័ន្ធរុស្សុី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ហង្ស មាសសុវណ្ណចេស្ដា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមើលការខុសត្រូវ ណេតមួយកន្លែង នៅម្ដុំផ្សារកណ្ដាល មានទីលំនៅបច្ចុប្បន្ននៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ 1HS-6632 ជិះតែម្នាក់ឯង ។

បេីតាមការអះអាងពីប្រជាពលរដ្ឋដែលឃេីញហេតុការណ៍ខាងលេីនេះ​ បានឲ្យដឹងថា​ មុនពេលកើតហេតុ មេឃកំពុងតែធ្លាក់ភ្លៀងស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក TOYOYA PRIUS បើកបុកទ្រូងផ្លូវនៅចំណុចស្តុបក្ដាន់២ ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីវេលាម៉ោង១២​ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃកើតហេតុខាងលើ ដោយមិនដឹងថាមានអ្នកត្រូវរបួសនោះទេ ។ ព្រោះភ្លាមៗអ្នកបើកបររថយន្តបានគេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅទទឹងម្ខាងផ្លូវសហព័ន្ធរុស្ស៉ី​ នេះហេីយជាហេតុធ្វើឲ្យរថយន្តដែលបើកស្របទិសមកពីកើតទៅលិច ត្រូវធ្វើដំណើរបញ្ច្រាសទិសលើគន្លងផ្លូវម្ខាងទៀត ដោយមិនឃើញមានសមត្ថកិច្ចណាចុះមកពិនិត្យមើលឡើយ មានតែប្រជាពលរដ្ឋធ្វេីដំណេីរតាមផ្លូវបានយកសាជី និងថង់សំរាមទៅដាក់ធ្វេីជាសញ្ញាសម្គាល់ដើម្បីកុំឲ្យមានយានយន្តដទៃបើកទៅបុក។

ពលរដ្ឋបន្តថា ក្រោយកេីតហេតុអស់រយៈពេលជិត២ម៉ោង គេឃើញរថយន្តខាងលើនោះ នៅទទឹងផ្លូវដដែលមិនទាន់បានស្ទូចចេញនៅឡើយ តែឃើញរបាំងថ្មបែងចែកទ្រូងផ្លូវ ចំនួន៣ផ្ទាំងផ្សេងទៀតលើផ្លូវសហព័ន្ធរុស្ស៉ីដដែល តែនៅខាងលិចកន្លែងដែលរថយន្ត PRIUS បុកខាងលើចម្ងាយប្រហែល៤០ម៉ែត្រ បានខ្ទាតរាយប៉ាយពេញផ្លូវ ទំនងមានរថយន្តធន់ធំបុកហើយបើករត់បាត់ ព្រោះសភាពបុកនេះខ្លាំងរហូតប៉ើងខ្ទាត និងខ្ទេចផ្ទាំងថ្មថែមទៀត ។ ដោយសារការទុកចោលគ្មានអ្នកណាអើពើផង ទើបយុវជនដែលជាជនរងគ្រោះបានជិះម៉ូតូតែម្នាក់ឯងក្នុងល្បឿនលឿន ពីទិសខាងកើតមកលិច ក៏ជ្រុលមកបុករបាំងថ្មនោះ បណ្ដាលឲ្យហោះផ្លោងទាំងមនុស្សទាំងម៉ូតូបោកនឹងថ្នល់បែកក្បាលស្លាប់ភ្លាមៗតែម្ដង ។

ក្នុងហេតុការណ៍នេះ​ គេឃេីញយុវតីម្នាក់​ ដែលជាសង្សាររបស់ជនរងគ្រោះ​ បានរៀបរាប់ទាំងទឹកភ្នែកប្រាប់ថា នៅយប់ថ្ងៃកើតហេតុ គឺជាថ្ងៃគម្រប់ខួបស្នេហារបស់ពួកគេទាំងពីរនាក់ ដែលបានស្រលាញ់គ្នា អស់រយៈពេល២ឆ្នាំ២ខែមកហើយ ដែលពួកគេរួមទាំងបងស្រីខាងប្រុស ទើបតែនាំគ្នាធ្វើ Anniversary និងហូបអាហារជាមួយគ្នានៅហាងមួយកន្លែង នៅជិតវិមានឯករាជ្យ។ លុះចប់កម្មវិធីបានចេញមកផ្ទះវិញ ដោយជិះម៉ូតូម្នាក់មួយគ្រឿង ដោយសង្សាររបស់នាង បានជិះម៉ូតូមកផ្ទះមុន តែបានពាក់កណ្ដាលផ្លូវ ក៏ជួបគ្រោះថ្នាក់ទៅបុករបាំងថ្មពុះចែកផ្លូវ ដែលខ្ទាតរាយប៉ាយពេញផ្លូវ ដោយសារមានរថយន្តមិនស្គាល់ម៉ាក បើកទៅបុកហើយបើករត់បាត់ បណ្ដាលឲ្យដួលអូសទាំងមនុស្ស ទាំងម៉ូតូជាង៥០ម៉ែត្រណ្ដាលឲ្យស្លាប់ភ្លាមៗបែបនេះទៅវិញ ។

អ្វីដែល​គួរឲ្យសង្វែកនោះ​ គឺយុវតីដែលជាសង្សាររបស់ជនរងគ្រោះមានអារម្មណក្តុកក្តួលក្នុងចិត្តយ៉ាងខ្លាំង ខំស្រែកដង្ហើយហៅឈ្មោះសង្សារ បងអើយមកវិញមក បង តែទោះជាយ៉ាងណា ជនរងគ្រោះបានលាចាកលោកយើងទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកវាស់វែង និងប្រគល់សាកសពឲ្យទៅសាច់ញាតិក្រុមគ្រួសារ ដឹកយកទៅតម្កល់នៅវត្តតាំងកសាង ដើម្បីចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖សហការី​


ចែករំលែក៖