ព័ត៌មានទាន់ហេតុការណ៍៖

សាមណេរមួយអង្គលង់ទឹកបណ្តាលឲ្យអនិច្ចធម្ម គ្រាដែលនិមន្តទៅបូជាព្រះសម្មាសម្ពុទ្ធនិងកម្សាន្តនៅរមណីយដ្ឋានភ្នំគូលែន

ចែករំលែក៖

ខេត្តសៀមរាប៖ សាមណេរមួយអង្គបានលង់ទឹកបណ្តាលឲ្យអនិច្ចធម្ម នៅរមណីយដ្ឋានភ្នំគូលែន បង្កការភ្ញាក់នៅវេលាម៉ោង ១២និង៤០នាទី រសៀលថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២១ ស្ថិតនៅឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប គ្រាដែលនិមន្តទៅបូជាចំពោះព្រះសម្មាសម្ពុទ្ធនិងកម្សាន្តជាមួយព្រះសង្ឃជាច្រើនអង្គទៀតនៅទីនោះ។

មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ក្នុងថ្ងៃកើតហេតុមានព្រះសង្ឃ និងពុទ្ធបរិសទ័មួយក្រុម បាននិមន្តនិងអញ្ជើញពីវត្តអណ្តើក ខេត្តបាត់ដំបង មកគោរពបូជា និងទស្សនាកម្សាន្ត នៅរមណីដ្ឋានភ្នំគូលែន។ នៅពេលនោះព្រះសង្ឃទាំងអស់ មានចំនួន៥០អង្គក្រោយឆាន់ចង្ហាន់ថ្ងៃត្រង់និងគោរពបូជាព្រះសម្មាសម្ពុទ្ធនៅព្រះវិហារលើកំពូលភ្នំគូលែនរួច ក៏បាននិមន្តទៅស្រង់ទឹកធ្លាក់ជាន់ទី៣។ ក្រោយស្រង់ទឹករួចក៏បានឡើងមកជាន់ទី២វិញ ស្រាប់តែបាត់ព្រះសង្ឃតូចមួយអង្គ នាម យឿន សុផុន អាយុ១៤ឆ្នាំ ក៏ផ្អើលឈូឆរ នាំគ្នាចុះទៅរកក្នុងទឹកវិញស្រាប់តែឃើញព្រះអង្គនោះ បានលង់ទឹកអនិច្ចធម្មបាត់ទៅហើយរួច ក៏បានស្រង់យកមកលើគោក និងបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន។
ពុទ្ធបរិស័ទម្នាក់ប្រាប់ថាព្រះអង្គដែលលង់ទឹក ព្រះនាម យឿន សុផុន មានព្រះជន្ម ១៤ព្រះវស្សា មានទីលំនៅភូមិ អូរប្រាំទី២ ឃុំមាឃ ស្រុក ស្ទឹងត្រង់ ខេត្តកំពង់ចាម បានគង់នៅវត្តអណ្តើក ខេត្តបាត់ដំបង។
បន្ទាប់ពីជួបគ្រោះអកុសលយ៉ាងនេះកម្លាំងសមត្ថកិច្ចជំនាញបានធ្វើកុសល្យវិច័យរួចបានប្រគល់សព ជូនអាណាព្យាបាល​ (គ្រូព្រះចៅអធិការវត្ត) យកទៅកាន់ទីវត្ត ដើមី្បធ្វើបុណ្យទៅតាមប្រពៃណី ក្នុងថ្ងៃនោះ៕

ដោយ៖ប្រាថ្នា


ចែករំលែក៖