ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តគេពីក្រោយដែលកំពុងរង់ចាំភ្លើងស្តុបបណ្តាលឲ្យរងការខូចខាតរថយន្តទាំងសងខាង ហើយសំណាងល្អដែលមិនគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង៥០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃពុធទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសមត្ថកិច្ចនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេមុនពេលកើតហេតុមានរថយន្តម៉ាកតូយ៉ូតាហាយឡេនឌ័រ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ2AR-4326 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុបានឈប់រង់ចាំភ្លើងស្តុបពណ៌ខៀវ តែភ្លាមនោះស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកអូឌី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BJ-5015 បើកបរដោយបុរសម្នាក់មកពីក្រោយយ៉ាងលឿនមកបុកពីក្រោយរថយន្តហាយឡេនឌ័រពេញទំហឹងបណ្តាលឲ្យរថយន្តរងការខូចខាតទាំងសងខាង។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងខាងជំនាញចរាចរណ៍ខណ្ឌបឹងកេងកងចុះមកដល់ រួចឲ្យភាគីទាំងពីរសម្របសម្រួលគ្នាដោយខាងភាគីបង្កមិនចង់វែងឆ្ងាយ បានយករថយន្តដែលរងការខូចខាតទៅជួសជុលឲ្យដើម្បីបញ្ចប់រឿង៕
ជ្រោយពេជ្រ