ភ្នំពេញ៖ ព្រឹកថ្ងៃទី១០ ខែកុម្ភៈឆ្នាំ ២០២១នេះកញ្ញា តេង ស៊ីណាត ហៅ អាជី និងប្អូនស្រី តេង ដាណា ហៅអាម៉ី និងបក្សពួកបានចូលខ្លួនទៅបំភ្លឺតាមការកោះហៅរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈហើយ បន្ទាប់ពីពួកគេរងការរិះគន់មិនសំច្ចៃមាត់ពីគ្រប់មជ្ឈដ្ឋាន ជុំវិញរឿងរ៉ាវដែលផលិតវីដេអូថតសម្តែង ទុំទាវ២០២១ ខុសទៅនឹងក្រមសីលធម៌នោះ។ ក្រោយជំនួបជាង២ម៉ោងនៅក្រសួង អាជី និងបក្សពួកប្រគល់ហ្វេសប៊ុក ឲ្យក្រសួងលុប និងសន្យាបញ្ឈប់អំពើអនាចារក្នុងបណ្តាញសង្គមទាំងអស់ រួមទាំងមានការសន្យាលើចំណុចមួយចំនួនទៀត។
យោងតាមកិច្ចសន្យាដែលក្រុមសម្តែងទាំង៨នាក់បានសម្តែង និងផលិតវីដេអូនេះរួមគ្នានោះបានផ្តិតមេដៃបានសន្យាចំនួន៨ចំណុចមានដូចជា៖
ទី១-មិនប្រព្រឹត្តសកម្មភាព ឥតរិយាបទ និងពាក្យសម្តីនាំឲ្យប៉ះពាល់ដល់ វប្បធម៌ ប្រពៃណី សាសនា សីលធម៌ និងសង្គមជាតិ។
ទី២- មិនបង្ហាញភាពសិចស៊ីបែបអនាចារក្នុងបណ្តាញសង្គម។
ទី៣- ប្រើប្រាស់ចំណេះជំនាញដែលមានចូលរួមលើកស្ទួយវប្បធម៌ ប្រពៃណី សាសនា សីលធម៌ និងសង្គមជាតិ។
ទី៤-យល់ព្រមប្រគល់Page Account Facebook Tik Tok ដែលជាកម្មសិទ្ធរបស់ខ្លួនឲ្យទៅក្រសួងដើម្បីលុបចោល និងគ្រប់គ្រង
ទី៥- មិនទាញយកទិន្នន័យ ក្នុង Page Account ដែលបានប្រគល់ជូនក្រសួងទាំងនោះមកប្រើឡើងវិញឡើយ។
ទី៦- សន្យាសហការជាមួយម្ចាស់គណនីយ Page Account ដែលជួលពីមិត្តភក្កិឲ្យទៅសមត្ថកិច្ចលុបចោល។
ទី៧- ធ្វើការសុំទោសជាសាធារណៈ ចំពោះមុខអ្នកសារព័ត៌មាន។
ទី៨- ប្រសិនបើនៅតែប្រព្រឹត្តិឥរិយាបទ ពាក្យសម្តី ភាពសិចស៊ីបែបអនាចារបណ្តាលឲ្យប៉ះពាល់វប្បធម៌ ប្រពៃណី សាសនា សីលធម៌ និងសង្គមជាតិ សុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់។
គួរបញ្ជាក់ដែរថា ផ្ទុះរងសំពងដោយការរិះគន់រឿងបញ្ចេញវីដេអូនៃការផលិតរឿងទុំទាវ២០២១ ដែលដឹកនាំដោយក្រុមអ្នកលក់ឡេ អាជី ក្រោយពីវីដេអូនេះត្រូវបានបញ្ចេញលើគណនីហ្វេសប៊ុករបស់កញ្ញាអាជីកាលពីរាត្រីថ្ងៃទី០៣ ខែកុម្ភៈឆ្នាំ២០២១ ដែលវីដេអូនេះត្រូវបានមហាជនលើកឡើងថាជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តម្លៃពុទ្ធសាសនាដែលជាសាសនាររបស់រដ្ឋ តម្លៃអក្សរសិល្ប៍ជាតិ តម្លៃសិល្បៈវប្បធម៌នោះ៕
ដោយ៖វឌ្ឍនា