ភ្នំពេញ ៖នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាកូនប្រុសរបស់ សម្ដេចតេជោហ៊ុនសែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត បានមានប្រសាសន៍ថា, ព្រឹកនេះ ខ្ញុំបានមកពិគ្រោះដើម្បីទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩ នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ ប៉ុន្តែដោយស្ថានភាពខ្ញុំកំពុងមានជំងឺផ្តាសាយធំ ក្រុមគ្រូពេទ្យបានណែនាំឱ្យខ្ញុំរង់ចាំ២សប្តាហ៍សិន ទើបអាចឱ្យខ្ញុំទទួលការចាក់វ៉ាក់សាំងនេះបាន។ ប៉ុន្តែទោះជាយ៉ាងណាក្តី ឥស្សរជន និងថ្នាក់ដឹកនាំដទៃទៀតដែលបំពេញលក្ខខ័ណ្ឌ បានចាប់ផ្តើមចាក់វ៉ាក់សាំងនេះបន្តបន្ទាប់ហើយ។
លោកបានថ្លែងបន្តថា, បើទោះជាខកខាន ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះភាពគត់មត់របស់ក្រុមគ្រូពេទ្យជំនាញយើង ដែលបានបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈខ្ពស់។ ជាមួយគ្នានេះ ខ្ញុំក៏សូមសំដែងនូវការដឹងគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចចិត្តផ្តល់ឱកាសឲ្យថ្នាក់ដឹកនាំវ័យក្មេងយើង រួមនឹងអ្នកដែលងាយនឹងរងគ្រោះដ៏ទៃទៀត បានចាក់នូវវ៉ាក់សាំងនេះ ដោយឥតគិតថ្លៃ និងឈរលើគោលការណ៏ស្ម័គ្រចិត្ត ក្រោយពីបានសិក្សា និងវាយតម្លៃច្បាស់លាស់ពីប្រិសិទ្ធភាពនៃវ៉ាក់សាំងនេះ។
ខ្ញុំសង្ឃឹមថា ខ្ញុំនឹងទទួលបាននូវការចាក់វ៉ាក់សាំងនេះ នៅពេល ០២សប្តាហ៏បន្ទាប់ ក្រោយស្ថានភាពជំងឺផ្តាសាយខ្ញុំបានធូរស្បើយ៕
ដោយ៖ សិលា