ភ្នំពេញ ៖នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នេះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយដល់នាយទាហាន អំពីការត្រៀមលក្ខណៈចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ កិច្ចប្រជុំផ្សព្វផ្សាយ បានប្រព្រឹត្តិទៅនៅអគ្គបញ្ជាការដ្ឋាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាអគ្គមេបញ្ជាការរង មេបញ្ជាការប្រភេទទ័ពជំនាញ នាយក នាយករងស្ថាប័នចំណុះអគ្គបញ្ជាការជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីមោទនភាពកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល បានខិតខំស្វះស្វែងរកវ៉ាក់សាំងបង្ការមេរោគឆ្លងកូវីដ១៩ ពីសាធារណរដ្ឋប្រជាមានិតចិន ដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ដែលជាក្តីកង្វល់របស់ប្រមុខរាជរដ្ឋាភិបាល។
នាយឧត្ដមសេនីយ៍ វង្ស ពិសេន បន្តថា តាមរយៈក្រសួងការពារជាតិចិន និងក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា មិត្តចិនសម្រេចផ្តល់បានវ៉ាក់សាំងស៊ីណូហ្វាម ចំនួនមួយលានដូសដល់កម្ពុជា ដែរជាជំនួយសប្បុរសធម៌ ដោយជំហានដំបូងមិត្តចិនផ្តល់មកឲ្យមុនចំនួន ៦០ម៉ឺនដូស ក្នុងនោះកងទ័ពទទួលបាន ៣០ ម៉ឺនដូស។ នាយឧត្ដមសេនីយ៍ បញ្ជាក់ថា ការទទួលបានវ៉ាក់សាំងនៅពេលនេះ គឺកើតចេញពីផ្លែផ្កានៃកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា ជាមួយមិត្តចិននារយៈពេលកន្លងមក។
បើតាមនាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បច្ចុប្បន្ននេះ ចំនួនវ៉ាក់សាំងកូវីដ១៩ ដែលផលិតចេញនៅលើពិភពលោក មានចំនួនតិចជាងតម្រូវការ ដូច្នេះមានប្រទេសជាច្រើនដែលមានលទ្ធភាពទិញវ៉ាក់សាំងកូវីដ១៩ ប៉ុន្តែពុំមានវ៉ាក់សាំងដើម្បីឱ្យពួកគេទិញឡើយ។
នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានផ្តាំផ្ញើដល់មេបញ្ជាការ មេបញ្ជាការរង គ្រប់កងឯកភាព ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយជាបន្ទាន់ដល់នាយទាហាន នាយទាហាន និងពលទាហានក្រោមឱវាទ ឲ្យយល់ដឹងច្បាស់ពីសារៈសំខាន់ នៃការចាក់វ៉ាក់សាំងការពារកូវីដ១៩ និងត្រូវត្រៀមលក្ខណៈទទួលចាក់វ៉ាក់សាំងតាមការស្ម័គ្រចិត្ត ដោយអនុវត្តតាមការណែនាំរបស់ជំនាញសុខាភិបាល ដើម្បីការពារសុខភាពខ្លួនយើង គ្រួសារយើង និងសង្គមជាតិយើង៕
ដោយ៖សិលា