អន្តរជាតិ៖ ទីបំផុត! ព្រឹទ្ធសភាអាមេរិក បានយល់ព្រមបន្តនីតិវិធីសវនាការដកតំណែងលើកទីពីរប្រឆាំងអតីតប្រធានាធិបតី ដូណាល់ ត្រាំ ដោយចាប់ផ្ដើមនៅថ្ងៃទី៩ ខែកុម្ភៈ ដែលធ្វើឱ្យលោកក្លាយជាបុគ្គលម្នាក់គត់ ត្រូវព្រឹទ្ធសភាកាត់ក្ដីរឿងដកតំណែងដល់ទៅពីរដង។ ខណៈលោក ត្រាំ រងបទចោទថា ញុះញង់ឱ្យមានការបះបោរនៅពេលដែលក្រុមអ្នកគាំទ្ររបស់លោកចូលអុកឡុកអាគារកាពីតូលនៅថ្ងៃទី៦ ខែមករាដែលរំខានកិច្ចប្រជុំរួមរបស់សភាទាំងពីរដើម្បីបញ្ជាក់ជ័យជម្នះលោក ចូ បៃឌិន ។
ចំណែកលោក ត្រាំ លែងជាប្រធានាធិបតីទៅហើយនោះ ក្រុមមេធាវីរបស់លោក បានអះអាងថា សវនាការនេះ មានអធម្មនុញ្ញភាព។ បក្សប្រជាធិបតេយ្យដែលគ្រប់គ្រងសភាទាំងពីរជាន់ ជំរុញដំណើរការកាត់ក្ដីនេះមិនដកដៃឡើយ ជាមួយគោលដៅហាមឃាត់លោក ត្រាំ ពីការឈរឈ្មោះកាន់តំណែងនានានៅពេលអនាគត។
មេធាវីរបស់លោក ត្រាំ អះអាងថា ព្រឹទ្ធសភាមិនអាចកាត់ក្ដីលោក ត្រាំ បានទេព្រោះលោកមិនមែនជាប្រធាធិបតេយ្យទៀតឡើយតាំងពីថ្ងៃទី២០ ខែមករាមក។ ប៉ុន្តែព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតដោយសំឡេង៥៦ទល់៤៤ ដើម្បីបន្តនីតិវិធីរបស់ខ្លួន។ លទ្ធផលនេះបង្ហាញថា សមាជិកព្រឹទ្ធសភា សម្រេចចិត្តតាមគោលការណ៍បក្ស ខណៈសមាជិកបក្សសាធារណរដ្ឋ៦នាក់ គាំទ្រការកាត់ក្ដីអតីតប្រធានាធិបតីរូបនេះ។
សូមជម្រាបថា ដើម្បីកាត់ទោសលោក ដូណាល់ ត្រាំ ព្រឹទ្ធសភាអាមេរិក ត្រូវបោះឆ្នោតដោយសំឡេងពីរភាគបីឯណោះ។ វាជារឿងលំបាកសម្រាប់បក្សប្រជាធិបតេយ្យ ព្រោះត្រូវអូសទាញសមាជិកបក្សសាធារណរដ្ឋយ៉ាងហោចណាស់១៧នាក់ឯណោះ។ គោលដៅរបស់បក្សប្រជាធិបតេយ្យ គឺហាមលោក ត្រាំ មិនឱ្យកាន់តំណែងរដ្ឋណាមួយតែម្ដង។ កន្លងទៅ លោក ត្រាំ ធ្លាប់បញ្ចេញជំហរត្រឡប់ចូលនយោបាយវិញនៅការបោះឆ្នោតឆ្នាំ២០២៤ ។
ក្រុមមេធាវីលោក ត្រាំ នៅតែអះអាងថា សម្ដីលោក ត្រាំ កាលពីដើមខែមករា ជាការអនុវត្តសេរីភាបញ្ចេញមតិប៉ុណ្ណោះ។ លោក Bruce Castor សមាជិកក្រុមការពារចុងចោទនិយាយថា ការចូលអុកឡុកវិមានកាពីតូល គួរត្រូវរិះគន់ខ្លាំង ប៉ុន្តែមានតែឧក្រិដ្ឋជនខ្លះ ដែលមិនមែនជាលោក ត្រាំ ឡើយ ជាអ្នកទទួលខុសត្រូវ
គួរបញ្ជាក់ថា អំឡុងសវនាការ បក្សប្រជាធិបតេយ្យ បានចាក់វីដេអូពីសកម្មភាពអ្នកគាំទ្រលោក ត្រាំ ចូលលុកលុយវិមានកាពីតូល និងការថ្លែងសុន្ទរកថារបស់លោក ត្រាំ មុនកុបកម្មនៅសភា។ កាលនោះ លោក ត្រាំ ប្រាប់ឱ្យអ្នកគាំទ្រលោកបន្តប្រយុទ្ធដើម្បីផ្លាស់ប្ដូរលទ្ធផល។ សមាជិកសភាតំណាងមកពីបក្សប្រជាធិបតេយ្យ លោក Jamie Raskin និយាយថា បើសកម្មភាពបែបនេះមិនមែនជាបទល្មើសដែលត្រូវដកតំណែងទេនោះ គេមិនអាចរកទង្វើណាដែលអាចបានដែរ៕ដោយ៖ស តារា
រូបភាព៖ឯកសារ លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាមេរិក