ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក្នុងរយៈពេលមួយថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នាបណ្ដាលឲ្យមនុស្សរងរបួសធ្ងន់និងស្រាល៣នាក់រវាងរថយន្តលក់ការ៉េមនឹងម៉ូតូ ហើយនិងម៉ូតូបុកគ្នាក្នុងស្រុកស្វាយទាបនិងស្រុករំដួល។
តាមសមត្ថកិច្ចខេត្តស្វាយរៀងបានឱ្យដឹងថា ករណីទី១កើតឡើងកាលពីវេលាម៉ោង៧និង៥នាទីយប់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៣៥និង១៣៦ ស្ថិតក្នុងភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង បង្កឡើងដោយម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១BH-៨៤៩៥ បើកបរដោយឈ្មោះ ងួន សុភ័ក្ត្រ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ក្នុងទិសដៅពីលិចទៅកើតមិនប្រកាន់ស្ដាំទៅបុកប៉ះរថយន្តម៉ាក ASIA ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង ២A-១៥៦៣ ដែលឈប់លក់ការ៉េមនៅអែបចិញ្ចើមផ្លូវខាងជើង បើកបរដោយឈ្មោះ ឥន ដានី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរលក់ការ៉េម រស់នៅភូមិកក់ប៉ែ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀងបង្កការភ្ញាក់ផ្អើល ត្រូវបានសមត្ថកិច្ចបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប។
ករណីទី២បានកើតឡើងកាលពីវេលាម៉ោង៦និង៦នាទីល្ងាច ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចលើផ្លូវជាតិលេខ១៣ ស្ថិតក្នុងភូមិចក ឃុំកំពង់ចក ស្រុករំដួល បង្កឡើងដោយម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង១I-១១៦០បើកបរដោយឈ្មោះប៉ែន ចាន់ណូ ភេទស្រី អាយុ ២៩ឆ្នាំ រស់នៅភូមិព្រៃគាវ ឃុំកំពង់ចក ស្រុករំដួលដែលបានបើកបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នទៅបុកជាមួយម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ស្វាយរៀង១Q- ៣៧១៩បើកបរដោយឈ្មោះធី ប៊ុននី ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិស្វាយរូង ឃុំកំពង់ចក ស្រុករំដួលយ៉ាងពេញទំហឹង។
បច្ចុប្បន្នមធ្យោបាយធ្វើដំណើរម៉ូតូទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករំដួលដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕
ដោយ៖យឹម សុថាន