ផ្សារទំនើបស្ថិតនៅក្នុងស្រុក Vladikavkaz ប្រទេសរុស្ស៊ី នៅថ្ងៃទី ១២ ខែកុម្ភៈនេះបានរងការបំផ្លាញទាំងស្រុងក្នុងហេតុការណ៍ផ្ទុះយ៉ាងខ្លាំងនៅខាងក្នុង។
សារព័ត៌មានSputniks បានដកស្រង់សម្តី អ្នកនាំពាក្យកម្លាំងពន្លត់អគ្គិភ័យដែលបានឲ្យដឹងថា «មានករណីផ្ទុះក្នុងផ្សារទំនើប អាចបង្កឡើងដោយការបែកធ្លាយហ្គាស ។ ការផ្ទុះនោះបានបំផ្លាញផ្សារទាំងមូលដែលអាចនឹងមានអ្នកស្លាប់និងរបួស»។ មកទល់ពេលនេះមិនទាន់មានរបាយការណ៍ស្តីពីអ្នករងរបួសឬស្លាប់នៅឡើយទេ។
មន្ត្រីសង្គ្រោះបន្ទាន់នៅតំបន់Ossetia លោកAlexander Horuzhiy បានឲ្យដឹងថា មកទល់ពេលនេះមិនទាន់អាចបញ្ជាក់ពីចំនួនអ្នកស្លាប់ឬរបួសនៅឡើយទេ។ ក្រុមជួយសង្គ្រោះកំពុងតែខិតខំស្វែងរកអ្នកដែលជាប់គាំងខាងក្នុងគំនរអគារបាក់បែក។
ផ្សែងខ្មួលខ្មាញ់បានគ្របដណ្តប់នៅតំបន់ទាំងមូល ហើយអាចមើលឃើញពីចម្ងាយ ។ ក្រុមជួយសង្គ្រោះបានខិតខំដើម្បីជួយអ្នកជាប់គាំងនៅខាងក្នុងឲ្យបានទាន់ពេលវេលា៕ ដោយ៖ធី រីណា
រូបភាព៖ vietnamnet