ព័ត៌មានទាន់ហេតុការណ៍៖

យោធាមីយ៉ាន់ម៉ា បន្តឃុំខ្លួនលោកស្រីស៊ូជី រហូតដល់ថ្ងៃទី​១៧ខែកុម្ភៈ

ចែករំលែក៖

ប្រទេសភូមា៖ ទីប្រឹក្សាសន្តិសុខជាតិ​ លោកស្រី អោងសាន ស៊ូជី​ត្រូវកម្លាំងយោធាចាប់ខ្លួន នៅថ្ងៃទី ​១ខែកុម្ភៈ ហើយពេលនេះយោធាបន្តឃុំខ្លួន រហូតដល់ថ្ងៃទី ១៧ខែកុម្ភៈ គឺលើកពីការគ្រោងទុកពីរថ្ងៃ។ កន្លងមកយោធា ប្រកាសថានឹងដោះលែងនៅថ្ងៃទី​១៥ខែកុម្ភៈឆ្នាំ​២០២១នេះ។

លោក Khin Maung Zaw មេធាវីរបស់លោកស្រី អោងសានស៊ូជី​ បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានថា ចៅក្រមតុលាការរដ្ឋធានីណៃពិដោ បានប្រកាស បន្តឃុំខ្លួនលោកស្រី ស៊ូជី បន្តដល់ថ្ងៃទី​១៧ខែកុម្ភៈ ។ លោក​Khin Maung Zaw បន្តទៀតថា «ទាំងនោះជារឿងយុត្តិធម៌ដែរឬទេ អ្នកទាំងអស់គ្នាអាចវាយតម្លៃបាន»។
សមាជិក ក្រុមមេធាវី​ ការពារក្តី​របស់លោកស្រីស៊ូជី បានបញ្ជាក់ថា​ រដ្ឋអាជ្ញាបានជួបនិយាយជាមួយ​លោកស្រី ស៊ូជីតាមវីដេអូ​ខល ពេលនោះលោកស្រីបានសួរថា តើលោកស្រីអាចជួលមេធាវីការពារដែរឬទេ។
នៅពេលនេះ​ពលរដ្ឋ​មីយ៉ាន់ម៉ា​បាននាំគ្នាធ្វើបាតុកម្មឈានចូលថ្ងៃទី​​១០ ហើយ​ប្រឆាំងការធ្វើរដ្ឋប្រហារ ។ ពលរដ្ឋមីយ៉ាន់ម៉ា ចាត់ទុកថាការធ្វើរដ្ឋប្រហារបានធ្វើឲ្យជីវភាពរស់នៅរបស់ពលរដ្ឋធ្លាក់ក្នុងស្ថានភាពច្របូកច្របល់​។ ក្រុមបាតុករក៏បានអំពាវនាវដល់យោធាដោះលែង លោកស្រីស៊ូជី និងអ្នកនយោបាយ នានាដែលបានចាប់ខ្លួន ។
រដ្ឋាភិបាលមីយ៉ា​ន់ម៉ាដឹកនាំដោយយោធា មិនមានការប្រែប្រួល​នោះឡើយបើទោះបី សហគមន៍អន្តរជាតិថ្កោលទោស និងការធ្វើបាតុកម្មប្រឆាំងពីសំណាក់ ពលរដ្ឋមីយ៉ាន់ម៉ា​។ នៅថ្ងៃទី​១៥ខែកុម្ភៈ នេះ រដ្ឋាភិបាលយោធាបានកាត់ផ្តាច់ប្រព័ន្ធអុីនធឺណេត ទូទាំងប្រទេស ដើម្បីទប់ស្កាត់ការចែកចាយព័ត៌មានប្រឆាំង រដ្ឋាភិបាលយោធា៕

ដោយ៖ ធី រីណា


ចែករំលែក៖