ព័ត៌មានទាន់ហេតុការណ៍៖

នាយ ចាបចៀន សងប្រាក់៧០០ដុល្លារទៅជនរងគ្រោះបញ្ចប់រឿងបង្កគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

       ភ្នំពេញ៖ ថ្មីៗនេះលេចចេញការរិះគន់មួយចំនួនលើករណីតារាកំប្លែងល្បីឈ្មោះលោក អ៊ុក សុវណ្ណារិទ្ធហៅ នាយ ចាបចៀន បានបើករថយន្តមួយគ្រឿងបុកពីក្រោយម៉ូតូរ៉ឺម៉ករើសអេតចាយ ពីក្រោយ បណ្តាលឲ្យម្ចាស់ម៉ូតូបាក់ដងកាំបិត និងបណ្តាលឲ្យរ៉ឺម៉ក ខូចខាតនោះ ក្រោយកើតហេតុក៏លេចចេញដំណឹងថាលោកបានបើករថយន្តគេចខ្លួនពីកន្លែងកើតហេតុដោយគ្រាន់តែប្រគល់ប្រាក់១០០ដុល្លារទៅជនរងគ្រោះរួចចាកចេញពីកន្លែងកើតហេតុ ប៉ុន្តែក្រោយពីបានដឹងអំពីស្ថានភាពសុខភាព និងតបទៅនឹងសំណើររបស់ជនគ្រោះលោកបានសងប្រាក់៧០០ដុល្លារទៅជនរងគ្រោះបញ្ចប់រឿងបុកជនរងគ្រោះ

គួរបញ្ជាក់ដែរថាហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ យប់ថ្ងៃទី១៣ ខែកុម្ភៈ ស្ថិតនៅក្បែរស្ដុបតិចណូ។

នៅថ្ងៃកើតហេតុខាងលើលោកបានធ្វើដំណើរតាមឡានluxus 400h ពីរង្វង់មូលសម្ដេចពិជ័យសេនា ទៀបាញ់ ឆ្ពោះលើផ្លូវសហព័ន្ធរុស្សុី។ មកដល់កន្លែងកើតហេតុស្ថិតនៅក្បែររបងសាលាតិចណូ លោកក៏បត់ស្ដាំក្នុងល្បឿនយឺតល្មមប៉ុណ្ណោះ ប៉ុន្តែដោយពើបនឹងម៉ូតូអូសរទេះអេតចាយរបស់បុរសម្នាក់ដែលពុំមានចំណាំងផ្លាត ក៏លោកជ្រុលទៅបុកពីក្រោយតែម្ដង។ ទោះជាយ៉ាងណា លោកទទួលស្គាល់កំហុសរបស់លោកដែលទៅបុកគេពីក្រោយ។ ជួបគ្រោះថ្នាក់ភ្លាមលោកបានសងទឹកប្រាក់១០០ដុល្លារ ទៅជនរងគ្រោះហើយផ្តាំថាបើជនរងគ្រោះមានបញ្ហាអ្វី សូមទាក់ទងទៅលោកពូ លោកពូនឹងជួយបន្ថែមទៀត។តារាកំប្លែងរូបនេះបានបញ្ជាក់ថា ករណីនេះគឺបានបញ្ចប់គ្នាហើយកាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ នេះដោយលោកថា ជនរងគ្រោះបានទាមទារសំណងចំនួន៦៥០ដុល្លារ ប៉ុន្ដែលោកផ្ដល់ជូនចំនួន៧០០ដុល្លារ ដើម្បីបញ្ចប់រឿង។ សំណងនេះ លោកបានប្រគល់តាមរយៈលោក អុឹម ជីវ៉ា ផងដែរ។ លោកបញ្ជាក់ថាលោកគ្មានគោលបំណងគេចពីការទទួលខុសត្រូវឡើយពោលគឺ បុកភ្លាមលោកបានចុះទៅជួយលើកគ្រាហ៍ ហើយបានហុចប្រាក់១០០ដុល្លារ ថែមទាំងប្រាប់ឈ្មោះលោកទៅកាន់ជនរងគ្រោះភ្លាម និងបារម្ភ  ខ្លាចបងប្អូន ឬសាច់ញាតិជនរងគ្រោះ ព្រួតវាយលោក

ការបញ្ជាក់នេះក៏ស្របគ្នាទៅនឹងការបញ្ជាក់របស់បុរសរត់ម៉ូតូឌុបម្នាក់ដែលបានលើកឡើងដែរថា ម៉ូតូរ៉ឺម៉កហ្នឹងខូច វារអាក់រអ៊ួល អែបចង់ឈប់ ខណៈពេលនោះរថយន្តរបស់នាយចាបចៀន ឡើងមកក៏បុកតែម្តងទៅ។លោកបានប្រាប់បន្ថែមទៀតថា លោកពូចាបចៀន គាត់ប្រញាប់ទៅយកប្រពន្ធប៉ុន្តែបើមានបញ្ហាអ្វី គាត់នឹងទទួលខុសត្រូវទៀតគាត់ឲ្យ១០០ដុល្លារសិន

ដោយ៖ វឌ្ឍនា


ចែករំលែក៖