ក្រសួងការបរទេសបារាំង កាលពីថ្ងៃទី១៥ខែកុម្ភៈបានប្រកាសថាប្រទេសនេះគាំទ្រពលរដ្ឋមីយ៉ាន់ម៉ានៅក្នុងការតស៊ូដើម្បីប្រជាធិបតេយ្យ នៅក្នុងប្រទេសនេះ។
អ្នកនាំពាក្យក្រសួងការបរទេសបារាំងAgnes von der Muhll បានបញ្ជាក់ថា ការដាក់ពង្រាយរថពាសដែក នៅទីក្រុងធំៗមួយចំនួន និងការបង្កហិង្សា ទៅលើក្រុមបាតុករ គឺជាក្តីបារម្ភយ៉ាងខ្លាំង ។
លោកស្រី Agnes von der Muhll បន្តទៀតថា «ជាមួយនឹងសហគមន៍អន្តរជាតិ អឺរ៉ុបបារាំង បន្តគាំទ្រដល់ពលរដ្ឋមីយ៉ាន់ម៉ា ក្នុងការតស៊ូដើម្បីប្រជាធិបតេយ្យ។ ក្នុងថ្ងៃជាមួយគ្នានេះដែរ ក្រុមអ្នកឯកទេសតាមដានវិស័យអុីនធឺណេត NetBlocks បានបញ្ជាក់ថា យោធាមីយ៉ាន់ម៉ា បានកាត់ផ្តាច់ទាំងស្រុង បណ្តាញអុីនធឺណេតថ្ងៃទីពីរជាប់គ្នាក្នុងប្រទេសមីយ៉ាន់ម៉ា ។
ចាប់តាំងពីការធ្វើរដ្ឋប្រហារ នៅថ្ងៃទី ១ខែកុម្ភៈពលរដ្ឋមីយ៉ាន់ម៉ា បន្តធ្វើបាតុកម្ម ទាមទារឲ្យដោះលែងលោកស្រីស៊ូជី បើទោះបីមានការព្រមានបំបែកពីកម្លាំងទាហានក្តី ។ កម្លាំងទាហានមីយ៉ាន់ម៉ា បានដាក់ពង្រាយកម្លាំង ទាហាននិងរថពាសដែកនៅតាមទីតាំងសំខាន់ៗ ទប់ស្កាត់ការធ្វើបាតុកម្ម ក្រោយពេលយោធាផ្តាច់ប្រព័ន្ធអុីនធឺណេត។
សកម្មជននយោបាយ នៅមីយ៉ាន់ម៉ា Esther Ze Naw បាននិយាយថា «នេះជាសង្គ្រាមដើម្បីអនាគតប្រទេសជាតិរបស់យើង ។ យើងមិនចង់រស់នៅក្រោមរបបគ្រប់គ្រងដោយយោធា ឡើយ»។
នៅយប់ថ្ងៃទី១៥ខែកុម្ភៈ នៅទីក្រុងMandalay កម្លាំងទាហានបានប្រើប្រាស់គ្រាប់កាំភ្លើងកៅស៊ូបាញ់ទៅលើក្រុមបាតុករ ដើម្បីបំបែកការធ្វើបាតុកម្ម ប្រឆាំងយោធា ។ កម្លាំងទាហានមីយ៉ាន់ម៉ា ក៏បានចាប់ខ្លួនសិស្ស២០នាក់ដែលចូលរួមធ្វើបាតុកម្ម។ ក្រៅពីនេះ ពលរដ្ឋជាង៤០០នាក់ត្រូវបានចាប់ខ្លួនផងដែរ៕ដោយ៖ធី រីណា

រូបភាព៖Reuters
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច