ព័ត៌មានទាន់ហេតុការណ៍៖

ប្រេសិត​ពិសេស​ UN៖ ព្រមាន​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា​ ​ពី​ផលវិបាក​ធ្ងន់ធ្ងរ បើ​បង្ក្រាប​ប្រជាជន​តវ៉ា​បាតុកម្ម​

ចែករំលែក៖

អន្តរជាតិ​៖​ បន្ទាប់ពី​​ក្រុម​រដ្ឋប្រហារ​យោធាមីយ៉ាន់ម៉ា​ ​បញ្ជូនទាហាន​បន្ថែម​ទៀត មក​ក្នុង​ទីក្រុង​ធំៗ​នៅ​មី​យ៉ាន់​ម៉ា ទោះ​ចំនួន​ប្រជាជន​ចូលរួម​បាតុកម្ម មានការ​ថយចុះ​នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ បើ​ធៀប​នឹង​ថ្ងៃទី​១៤ ខែកុម្ភៈ កន្លងទៅ​ជាង​ពីរ​សប្តាហ៍មកនេះ។ លោកស្រី Christine Schraner Burgener ប្រេសិត​ពិសេស​អង្គការសហប្រជាជាតិ (UN) នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១​ បាន​ព្រមាន​មេដឹកនាំ​យោធា​ដោយផ្ទាល់​ថា អាច​នឹងរង​ផលវិបាក​ធ្ងន់ធ្ងរ ប្រសិនបើ​មាន​សកម្មភាព​ឆ្លើយតប​យ៉ាង​ចាស់ដៃ​បែបណា​មួយ​លើ​ប្រជាជន​មី​យ៉ាន់​ម៉ា​ដែល​កំពុង​ធ្វើបាតុកម្ម​តវ៉ា​។

​ជាក់ស្តែងការបញ្ជូន​កម្លាំង​ទាហាន​ចូលមកក្នុង​ទីក្រុង​ធំៗ​របស់​មី​យ៉ាន់​ម៉ា​បែបនេះ វា​គឺជា​សញ្ញា​មួយ ដែល​បង្ហាញថា របប​សឹក អាច​នឹង​ចាត់វិធានការ​បង្ក្រាប​ហិង្សា​លើ​ក្រុមអ្នកតវ៉ា​។

​សូមជម្រាបថា ស្របពេល​នឹង​ការបញ្ជូន​កម្លាំងយោធា​ចូល​ក្រុង​បែបនេះ ប្រេសិត​ពិសេស​អង្គការសហប្រជាជាតិ​សម្រាប់​បញ្ហា​មី​យ៉ាន់​ម៉ា បាន​ព្រមាន​របប​យោធា​ដោយផ្ទាល់​ថា អាច​នឹងរង​ផលវិបាក​។ «​លោកស្រី Schraner Burgener ប្រាប់​មេដឹកនាំ​យោធា​ថា រាល់​ការឆ្លើយតប​យ៉ាងខ្លាំង​ណាមួយ​លើ​ប្រជាជន ទំនងជា​ត្រូវ​ប្រឈម​នឹង​ផលវិបាក​ធ្ងន់ធ្ងរ​»​។

ចំណែកអ្នកនាំពាក្យ UN លោក Farhan Haq ស្រង់​សម្តី​របស់​លោកស្រី Schraner Burgener មក​អះអាង​បែបនេះ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ដោយ​បន្ថែមថា ពិភពលោក កំពុង​តាមដាន​យ៉ាង​ដិតដល់ លើ​ស្ថានការណ៍​នយោបាយ​នៅ​មី​យ៉ាន់​ម៉ា​។

​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​ បាននិយាយថា​ ការព្រមាន​នេះ​ធ្វើឡើង​នៅក្នុង​កិច្ចសន្ទនា​រវាង​លោក​ឧ​ត្ត​ម​សេនីយ៍ Soe Win អគ្គមេបញ្ជាការ​រង​ក​ង​ទ័ព​មី​យ៉ាន់​ម៉ា និង​លោកស្រី​ប្រេសិត​ពិសេស​របស់​អង្គការសហប្រជាជាតិ​តែម្ដង​។ ប្រេសិត​រូបនេះ ក៏បាន​ជំរុញ​ឱ្យ​ក្រុម​យោធា គោរព​សិទ្ធិ​ក្រុមអ្នកតវ៉ា និង​ការជួបជុំ​ដោយ​សន្តិភាព​ផងដែរ​។

​ក្រៅពី​បញ្ហា​ខាងលើ លោកស្រី Schraner Burgener បានលើកឡើង​ពី​ផលវិបាក​មួយចំនួន​ជុំវិញ​ការ​កាត់ផ្តាច់​អ៊ីនធឺណិត​នៅ​មី​យ៉ាន់​ម៉ា ដែល​អាចមាន​បញ្ហា​ជាច្រើន​ដូចជា ប៉ះពាល់​វិស័យ​ធនាគារ​, ភាព​តានតឹង​នៅក្នុង​ស្រុក និង​វិស័យ​ផ្សេងទៀត​។ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែកុម្ភៈ អ៊ីនធឺណិត ត្រូវបាន​ត​ភ្ជាប់​មក​កម្រិត​ធម្មតា​វិញ​ក្តី ប៉ុន្តែ​នៅ​យប់​ថ្ងៃ​ដដែល​នោះ អ៊ីនធឺណិត ត្រូវបាន​កាត់ផ្តាច់​ជា​លើក​ទី​ពីរ​។

​គួរបញ្ជាក់ថា មកទល់ពេលនេះ រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា មិនទាន់​ចាត់វិធានការ​ធ្ងន់ធ្ងរ​ណាមួយ លើ​ប្រជាជន​តវ៉ា​នៅឡើយ​ទេ ពោល​គឺមាន​ត្រឹមតែ​សកម្មភាព​បំបែក​ក្រុមបាតុករ តាមរយៈ​ការបាញ់​ចំ​ពាម​កៅស៊ូ បាញ់​ទឹក និង​គ្រាប់កាំភ្លើង​ជ័រ​ជាដើម​។ ចំណែក​ក្រុមបាតុករ បាន​បាន​ចោល​ដុំឥដ្ឋ និង​វត្ថុ​ផ្សេងទៀត ដាក់​ក្រុមប៉ូលិស​បង្ក្រាប​បាតុកម្ម​វិញ​ដែរ​៕ដោយ៖ស តារា


ចែករំលែក៖