ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តកណ្តាលផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដល់ភូមិចំនួន៧ ស្ថិតក្នុងឃុំសំបូរមាស ស្រុកមុខកំពូល

ចែករំលែក៖

ខេត្តកណ្តាល៖ លោក ទៀង កុស្យារៈ អនុប្រធានមន្ទីរ ដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានទាំងអស់ចូលរួមសហការ និងបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារ ដែលត្រូវចុះវាស់វែងផ្ទាល់ក្នុងឃុំសំបួរមាស ពីព្រោះវាជាការចាំបាច់ណាស់ដែលបងប្អូនប្រជាពលរដ្ឋម្ចាស់ដីត្រូវតែអញ្ជើញចូលរួមតាមការអញ្ជើញ និងការជូនដំណឹងរបស់ក្រុមការងារ ក្នុងការចង្អុលបង្ហាញទីតាំងដី ព្រំដី និងផ្ដល់ព័ត៌មាន ឯកសារផ្សេងៗ តាមនីតិវិធីដែលបានកំណត់ ដើម្បីឱ្យក្រុមការងារនេះអាចដំណើរការបានល្អ និងឆាប់រហ័សក្នុងការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ) ជូនប្រជាពលរដ្ឋ។
ការអំពាវនាវនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដល់ភូមិចំនួន៧ រួមមាន៖ ភូមិអន្លង់ស្លែង ភូមិជ្រៃមួយរយ ភូមិអម្ពិលទឹក ភូមិពោង ភូមិព្រែកឫស្សី ភូមិក្រោលគោ និងភូមិពាម ស្ថិតក្នុងឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។

លោក ទៀង កុស្យារៈ បានបញ្ជាក់ថា នេះគឺជាលើកទី៤ហើយដែលក្រុមការងារបានប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសតំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅក្នុងឃុំសំបួរមាស។
លោកបានបន្តថា ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺជាកម្មវិធីថ្មីដែលមានលក្ខណៈហ្មត់ចត់ច្បាស់លាស់ និងប្រើបច្ចេកទេសទំនើប និងមាន៥ដំណាក់កាលគឺ៖ ដំណាក់កាលទី១ ប្រកាសតំបន់វិនិច្ឆ័យ និងបង្កើតគណៈកម្មការរដ្ឋបាល, ដំណាក់កាលទី២ ចុះវាស់វែង និងប្រមូលទិន្នន័យ, ដំណាក់កាលទី៣ បិទផ្សាយទិន្នន័យជាសាធារណៈរយៈពេល១៥ថ្ងៃ រាប់បញ្ចូលទាំងថ្ងៃបុណ្យទាន និងថ្ងៃសៅរ៍ អាទិត្យផងដែរ, ដំណាក់កាលទី៤ ប្រធានគណៈកម្មការរដ្ឋបាល ក៏ដូចជាអភិបាលខេត្ត ពិនិត្យ និងស្នើសុំចេញបណ្ណកម្មសិទ្ធិ និងដំណាក់កាលទី៥ ចែកបណ្ណសម្គាល់ម្ចាស់អចលនវត្ថុ៕ដោយ៖ឆដា


ចែករំលែក៖