ខេត្តកំពង់ឆ្នាំង ៖ នាយប៉ុស្តិ៍នគបាលរដ្ឋ
បាលឃុំស្រែថ្មី ត្រូវបានគេប្រទះឃើញដេកស្លាប់នៅលើប៉ាវអុី ក្នុងប៉ុស្តិ៍ម្នាក់ឯងដែលគេដាក់ការសង្ស័យថាបណ្តាលមកពីជំងឺប្រចាំកាយ ( លើសឈាម ) ។
ហេតុការណ៍នេះបង្ករឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២១ នៅក្នុងប៉ុស្តិ៍នគរបាលស្ថិតនៅក្នុងភូមិសន្ទួច ឃុំស្រែថ្មីស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះកែវ សុផង់ អាយុ៥៥ឆ្នាំ មានតួនាទីជានាយប៉ុស្តិរដ្ឋបាលស្រែថ្មី
មានប្រពន្ធឈ្មោះប៉ែន សុខនី អាយុ៥៣ ឆ្នាំ មានកូន៧នាក់ រស់នៅក្នុងភូមិគល់គប់ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ប្រភពខាងលើបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២១ លោកមេប៉ុស្តិ៍បាននិយាយវិទ្យុទាក់ទងជាមួយលោកអធិការនៅក្នុងបន្ទប់ម្នាក់ឯងដែលបិទគន្លឹះពីខាងក្នុង ។ លុះព្រឹកឡើងដោយមិនឃើញលោកមេប៉ុស្តិ៍ងើបពីដំណេក មន្ត្រីនគរបាលម្នាក់បានទៅដាស់ឲ្យភ្ញាក់ ដើម្បីទៅប្រជុំនៅអធិការដ្ឋាននគរបាលស្រុករលារប្អៀរ តែមិនឃើញមានការឆ្លើយតប ក៏អើតមើលពីខាងក្រៅឃើញលោកមេប៉ុស្តិ៍ដេកស្លៀកខោខ្លីខ្លួនទទេអត់ពាក់អាវនៅលើប៉ាវអុី ដោយមានការសង្ស័យ ក៏បានជម្រាបទៅលោកមេឃុំនិងក្រុមប្រឹក្សាឃុំស្រែថ្មី ព្រមទាំងលោកអនុប្រធានប៉ុស្តិ៍ឱ្យជួយពិនិត្យមើលព្រោះបិទទ្វារនិងដាក់គន្លិះពីខាងក្នុង ហើយបានរាយការណ៍ជូនទៅលោកអធិការនគរបាលស្រុករលារប្អៀរបន្ថែមទៀត។ ក្រោយមកភ្លាមៗនោះក៏បានគាស់បង្អួចចូលទៅមើលទើបដឹងថា លោកមេប៉ុស្តិ៍ បានដេកស្លាប់នៅលើប៉ាវអុីមិនដឹងតាំពីពេលណានោះទេ ។
សមត្ថកិច្ចជំនាញ បានសន្និដ្ឋានថា លោកមេប៉ុស្តិ៍អាចស្លាប់ចន្លោះពីម៉ោង២ទៅម៉ោង ៣ទៀបភ្លឺ និង អាចបណ្តាលមកពីជំងឺ
ប្រចាំកាយ( ជំងឺលើសឈាម ) ហើយបានប្រគល់សពជូនក្រុមគ្រួសារយកទៅកាន់លំនៅឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីផងដែរ ៕
ដោយ៖ចន្ថា