ព័ត៌មានទាន់ហេតុការណ៍៖

នារីវ័យក្មេងម្នាក់ រត់តាមសង្សារចេញពីកន្លែងធ្វេីចត្តាឡីស័កនៅស្រុកត្រពាំងប្រាសាទ​ ពេលនេះរកឃេីញវិញហេីយ

ចែករំលែក៖

ខេត្តព្រះវិហារ​៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ ​បានបង្ហោះ​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ថា៖ នារីវ័យក្មេងម្នាក់ បានរត់តាមសង្សាររបស់ខ្លួនចេញពីមណ្ឌលចត្តាឡីស័កមួយកន្លែងស្ថិតនៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ​ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ម្សិលមិញនេះ​ ពេលនេះរកឃេីញវិញហេីយ។

របាយការណ៍រដដែល​ បានបន្ថែមថា នារីរូបនេះមានឈ្មោះ ធា ជីថា អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រៃចង្វា ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។​ នាងបានរត់តាមសង្សារឈ្មោះ ឌិន សាមុឺយ អាយុ២០ឆ្នាំ មានទីលំនៅភូមិអង្គការអេដស៍ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ដោយឡែក​បេីតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ​២០២១នេះថា នារីរូបនេះត្រូវបានមន្ត្រីមន្ទីរសុខាភិបាលតាមរកឃេីញវិញហេីយ និងយកទៅកាន់មណ្ឌលចត្តាឡីស័កផងដែរ។​ ដោយនារីរូបនេះ បានតម្រូវឱ្យធ្វេីចត្តាឡីស័ករយៈពេល១៤ថ្ងៃឡេីងវិញ។ ហេីយមន្ត្រីសុខាភិបាល ក៏បានតាមរកអ្នកពាក់ព័ន្ធយកមកធ្វេីចត្តាឡីស័កផងដែរ។

ជាមួយគ្នានេះ​ លោកស្រី យក់ សម្បត្តិ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលត្រូវធ្វេីចត្តាឡីស័កសូមចូលរួមសហការកុំរត់គេចពីកន្លែងធ្វេីចត្តាឡីស័ក ។ ការធ្វេីបែបនេះងាយនាំឱ្យមានហានិភ័យក្នុងការចម្លងជំងឺកូវីដ១៩ ក្នុងសហគមន៍។

សូមជម្រាបថា​ នៅថ្ងៃទី១៥ ខែកុម្ភៈ ម្សិលមិញនេះ​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញបទបញ្ជាឱ្យអនុវិធានការច្បាប់ឱ្យបានតឹងរឹងចំពោះអ្នករត់គេចពីកន្លែងធ្វេីចត្តាឡីស័កនេះ។

អនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល ដែលបានដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ត្រង់ជំពូកទី៥ ស្តីពីទណ្ឌកម្ម ក្នុងមាត្រា៨ បានចែងថា អ្នកដំណើរ ឬការីនៃយានដឹកជញ្ជូនណាដែលគេចវេសមិនឱ្យមន្ត្រីចត្តាឡីស័កធ្វើការត្រួតពិនិត្យ ឬមិនសហការជាមួយនឹងមន្ត្រីចត្តាឡីស័កក្នុងការអនុវត្តន៍វិធានការសុខាភិបាល ឬមិនបំពេញតាមបែបបទដែលមានកំណត់ក្នុងអនុក្រឹត្យនេះ ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី ២០ម៉ឺនរៀល ទៅ ១លានរៀល ទៅតាមទំហំនៃបទល្មើស និងតម្រូវឱ្យអនុវត្តវិធានការសុខាភិបាល។

ក្នុងមាត្រានេះ បានចែងទៀតថា ការទទួលពិន័យអន្តរការណ៍នេះ មិនធ្វើឱ្យជនដែលប្រព្រឹត្តបទល្មើសរួចផុតពីការទទួលខុសត្រូវខាងព្រហ្មទណ្ឌដែលមានចែងនៅក្នុងច្បាប់ និងបទប្បញ្ញត្តិព្រហ្មទណ្ឌជាធរមានឡើយ។ ជនណាដែលក្លែងបន្លំឯកសារពាក់ព័ន្ធសុខភាព ក្នុងគោលបំណងគេចវេសពីការអនុវត្តវិធានការចត្តាឡីស័ក ត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន៕

ដោយ៖សហការី


ចែករំលែក៖