ខេត្តកំពង់ចាម ៖ ផ្ទះមួយខ្នងទំហំ៥ម៉ែត្រគុណនឹង៧ម៉ែត្រ សង់អំពីឈើប្រក់ស័ង្កសី បានឆេះខូចខាតអស់ដោយសារអគ្គិភ័យ ទោះជាមានការជួយធ្វើអន្តរាគមន៍ពីប្រជាពលរដ្ឋក្តី តែ ដោយអំណាចភ្លេីងឆេះខ្លាំងពេក ហើយរថយន្តសង្គ្រោះក៏នៅអង្គភាពឆ្ងាយធ្វេីឱ្យម្ចាស់ផ្ទះមានទុក្ខជាន់លេីទុក្ខ ខណៈដែលកំពុងតែដេកព្យាបាលជំងឺនៅមន្ទីរពេទ្យ។
ម្ចាស់ផ្ទះឈ្មោះម៉ៅ និងប្រពន្ធឈ្មោះអ៊ាង បានប្រាប់ថា អគ្គិភ័យបានឆេះផ្ទះគាត់នៅវេលាម៉ោងម៉ោង៣រសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ។ គាត់បន្តថា ផ្ទះគាត់ស្ថិតនៅភូមិប៉ប្រក ឃុំសូភាស ស្រុកស្ទឹងត្រង់ ។ ចំពោះមូលហេតុពួកគាត់ប្រាប់ថា មិនបានដឹងទេ។
នៅក្នុងហេតុការណ៍នេះ គេឃើញមានប្រជាពលរដ្ឋក្នុងភូមិចូលរួមជួយយកទឹកជះពន្លត់ដែរតែមិនទទួលបានលទ្ធផលនោះទេ ដោយសារអណ្ដាតភ្លើងឆាបឆេះខ្លាំងពេក ។ ចំណែករថយន្តពន្លត់អគ្គិភ័យក៏មកមិនទាន់ដែរព្រោះទីតាំងភ្លើងឆេះនៅភូមិដាច់ស្រយាលជាប់ព្រំប្រទល់ស្រុកចំការលើឯណោះ ៕
ដោយ៖វណ្ណៈ