តុលាការបង់ក្លាដែស បានប្រកាសកាត់ទោសប្រហារជីវិតមនុស្ស ៥នាក់មកពីក្រុមអ៊ិស្លាម ពាក់ព័ន្ធនឹងការសម្លាប់blogger ជនជាតិអាមេរិក កាលពីឆ្នាំ២០១៥។
ជនរងគ្រោះឈ្មោះAvijit Roy ជនជាតិអាមេរិក ដើមកំណើតបង់ក្លាដែស ត្រូវបានក្រុមអ៊ិស្លាមសម្លាប់ ដោយសារតែបានផ្សព្វផ្សាយវីដេអូ រិះគន់ការជ្រុលនិយមរបស់ក្រុមអ៊ិស្លាមមួយចំនួននៅលើបណ្តាញសង្គម។
លោកAvijit Royត្រូវក្រុមអ៊ិស្លាម កាប់ដោយកាំបិតរហូតដល់ស្លាប់ នៅខែកុម្ភៈ ឆ្នាំ ២០១៥ ពេលកំពុងធ្វើដំណើរទៅផ្ទះជាមួយភរិយា បន្ទាប់ពីចូលរួមពិធីតាំងពិព័រណ៍នៅទីក្រុងDhaka ។ ចំណែកភរិយាជនរងគ្រោះនិងមនុស្សម្នាក់ទៀតរងរបួសធ្ងន់តែមិនស្លាប់នោះឡើយ។
តុលាការ បង់ក្លាដែសបានប្រកាសថា ជនដៃដល់ទាំង៥នាក់ត្រូវប្រហារជីវិត និងម្នាក់ទៀតត្រូវ ដាក់ទោសជាប់គុកអស់មួយជីវិត ។ក្រុមដែលត្រូវប្រហារជីវិតគឺមកពីក្រុម Ansar Ullah Bangla ជាក្រុមខ្មាន់កាំភ្លើងនៅតំបន់ មានទំនាក់ទំនងជាមួយក្រុមភេរវកម្ម អាល់កៃដា ។
កាលពីឆ្នាំ២០១៣-២០១៦ បង់ក្លាដែសមានករណីវាយប្រហារ ទៅលើក្រុមblogger ជាច្រើន ក៏ដូចជាសកម្មជនសិទ្ធិមនុស្ស ។ ក្រុមដែលវាយប្រហារគឺជាក្រុមរដ្ឋអ៊ិស្លាម ឬក្រុមភេរវកម្មអាល់កៃដា ។ នៅឆ្នាំ២០១៦ ក្រុមជ្រុលនិយមបានវាយប្រហារចូលហាងកាហ្វេ សម្លាប់មនុស្សសរុបដល់ទៅ២២នាក់៕ ដោយ៖ធីរីណា
រូបភាព៖Business-Standard.