ខេត្តពោធិ៍សាត់ ៖ ស្រ្តីម្នាក់បានស្លាប់បាត់បង់ជីវិតនៅគ្រាបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ និងបុរសម្នាក់ទៀតបានរងរបួសធ្ងន់ ដោយសារជិះម៉ូតូគេចរថយន្តរេចង្កូតទៅបុកបង្គោលសុវត្ថិភាពផ្លូវ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យមានមនុស្សរងរបួស និងស្លាប់ខាងលើ បានកើតឡើងនាព្រលប់ថ្ងៃអង្គារ ៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧៩.១៨០ ស្ថិតនៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
សេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសឈ្មោះ សុខ ប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ រួមដំណើរដោយស្រ្តីរងគ្រោះ(ស្លាប់)ឈ្មោះ សួស សុផារី អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើចុងភៅនៅកាសុីណូ បច្ចុប្បន្ន អ្នកទាំង២នាក់រស់នៅភូមិ.ឃុំកើតហេតុខាងលើ ។
ប្រភពរាយការណ៍ដដែលបន្តទៀតថា ជនរងគ្រោះ(ស្លាប់) និងរបួសធ្វើដំណើរដោយម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1K 2524 ក្នុងទិសដៅពីត្បូងឆ្ពោះទៅទិសខាងជើង។ លុះមកដល់កន្លែងកើតហេតុ បានវាក់ជាមួយរថយន្ត១គ្រឿងក៏រេចង្កូតទៅបុកបង្គោលសុវត្ថិភាពចិញ្ចើមផ្លូវ បណ្ដាលឲ្យស្រ្តីរួមដំណើរហោះផ្លោងទៅបុកបង្គោលចំផ្លោកនោម រងរបួសធ្ងន់ហើយពេលបញ្ជូនដល់មណ្ឌលសុខភាពថ្មដាបានស្លាប់។
ក្រោយកើតហេតុសមត្ថកិច្ចចុះពិនិត្យ ធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖បុឹមពិន