ព័ត៌មានទាន់ហេតុការណ៍៖

រឿងអប់រំខ្លី៖ កុំមើលងាយនរណាម្នាក់

ចែករំលែក៖

បុរសក្រីក្រម្នាក់បានស្រឡាញ់នារីដែលជាកូនអ្នកមានស្តុកស្តម្ភម្នាក់ ហើយគាត់ក៏បានសម្រេចចិត្តសារភាពទៅកាន់នារីម្នាក់នោះ។
បន្ទាប់មក នារីដែលជាកូនអ្នកមាននិយាយថា «សូមស្តាប់ណា ប្រាក់ខែរបស់អ្នកមួយខែៗ មិនស្មើនឹងការចំណាយរាល់ថ្ងៃរបស់ខ្ញុំមួយថ្ងៃផង តើឱ្យខ្ញុំទៅស្រឡាញ់អ្នកធ្វើម្ដេចនឹងកើតទៅ?»
បុរសនោះបន្តថា ខ្ញុំមិនដែលនឹងស្មានថា អ្នកគិតបែបនេះទេ អ៊ីចឹងសូមចាត់ទុកថា ខ្ញុំមិនបាននិយាយអ្វីទាំងអស់ ហើយរៀបការជាមួយនរណាម្នាក់ដែលមានឋានៈស្មើអ្នកទៅចុះ។
ទោះជាយ៉ាងណាក៏ដោយ ក៏បុរសម្នាក់នោះមិនអាចបំភ្លេចនាងដោយងាយៗបានដែរ។
១០ឆ្នាំក្រោយមក ពួកគេទាំង ២ ក៏បានជួបគ្នានៅផ្សារទំនើបមួយកន្លែង។ នារីកូនអ្នកមានក៏និយាយម្ដងទៀតថា «យ៉ាងម៉េចហើយតើអ្នកសុខសប្បាយទេ? ឥឡូវនេះខ្ញុំបានរៀបការរួចហើយ ហើយថា តើអ្នកដឹងទេថា ប្ដីរបស់ខ្ញុំរកចំណូលបានប៉ុន្មានក្នុងមួយខែ? គឺគាត់រកបានដល់ទៅ ១៥៧០០ដុល្លារឯណោះក្នុងមួយខែ។ តើអ្នកជឿរឿងនេះទេ ហើយគាត់ជាមនុស្សប្រុសម្នាក់ដែលឆ្លាតណាស់»។
ភ្នែករបស់បុរសក្រីក្រនោះដក់ទៅដោយទឹកភ្នែក បន្ទាប់ពីបានឮសំដីរបស់នារីម្នាក់នោះ។
ប៉ុន្មាននាទីក្រោយមក ប្ដីរបស់នាងក៏បានមកដល់ ហើយមុនពេលដែលនាងបម្រុងនឹងណែនាំប្ដីរបស់នាងទៅបុរសក្រីក្រនោះ ប្ដីរបស់នាងក៏បានឃើញបុរសនោះមុន ហើយក៏និយាយទៅកាន់គាត់ថា៖ «អូលោកមកទីនេះដែរ ហើយចៃដន្យបានជួបនឹងប្រពន្ធរបស់ខ្ញុំ»។
បន្ទាប់មក គាត់ក៏បាននិយាយទៅកាន់ប្រពន្ធគាត់ថា«នេះជាចៅហ្វាយរបស់បង ហើយបងជាមនុស្សម្នាក់ដែលកំពុងធ្វើការឱ្យគាត់ ទៅលើគម្រោង ១០០លានរបស់គាត់ផងដែរ។ អូនដឹងទេថា គាត់នៅលីវនៅឡើយទេ ព្រោះថា គាត់មិនអាចឆក់យកបេះដូងរបស់នារីម្នាក់ ដែលគាត់ស្រឡាញ់បាន។ មិនដឹងថានារីដែលបានគាត់ជាស្វាមីមានសំណាងប៉ុណ្ណាទេ!»
នារីម្នាក់នោះហាក់ដូចជារន្ធត់ខ្លាំង ហើយមិនអាចនិយាយអ្វីបានទាំងអស់។
រឿងនេះបង្កប់គំនិតអប់រំនៅក្នុងរឿងជីវិតខ្លីណាស់ ហើយវាប្រៀបបានដូចជាកញ្ចក់មួយ។ អ្នកអាចមើលឃើញតែអ្វីដែលវាបង្ហាញតែប៉ុណ្ណោះ ដូច្នេះហើយសូមកុំឆាប់មានអំណួតលើខ្លួនឯង ហើយមើលងាយទៅលើនរណាម្នាក់ ដោយគ្រាន់តែឃើញស្ថានភាពបច្ចុប្បន្នរបស់គេ។ អ្វីៗគ្រប់យ៉ាងអាចផ្លាស់ប្តូរដូចជា អាកាសធាតុដូច្នោះដែរ។ សូមកុំប្រមាថមើលងាយនរណាម្នាក់ ព្រោះថាគេមានរឿងរ៉ាវក្នុងជីវិតខុសៗគ្នា៕
ស្រាវជ្រាវនិងកែសម្រួលដោយ÷ចៅតាជេត


ចែករំលែក៖