ខេត្ដឧត្ដរមានជ័យ៖ បុរសម្នាក់បានស្លាប់និងបីនាក់ទៀតរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោង ២៣ និង ៣០ នាទី នៅលើកំណាត់ផ្លូវខេត្តលេខ ២៦-២៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៧៨-៧៩ ស្ថិតក្នុងភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងរវាង ម៉ូតូ និងម៉ូតូបុកគ្នា ក្នុងទិសដៅបញ្ជ្រាសទិសគ្នាពីលិចទៅកើតជាហេតុបណ្តាលឲ្យស្លាប់ ០១ នាក់ ( ប្រុស ) និងរងរបួសធ្ងន់ ០៣ នាក់ ( ប្រុស )។
សាក្សីឃើញហេតុការណ៍នេះប្រាប់ថាភាគីខាងម៉ូតូម៉ាក ស៊ុយហ្ស៊ុយគី Smash Revo ពណ៌ខ្មៅបូកក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AH – 2781 បើកបរក្នុងទិសដៅពីលិចទៅកើត មានគ្នាចំនួន ០៣ នាក់ ដែលមាន
១- ឈ្មោះ សៅ ម៉ឹង ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិថ្មី ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ( រងរបួសធ្ងន់ ត្រង់ក្បាល ) ។
២- ឈ្មោះ ម៉ាលី ភេទប្រុស ៣០ឆ្នាំជាង រស់នៅភូមិ-ឃុំជាមួយគ្នា ( រងរបួសធ្ងន់ត្រង់ក្បាល )។
៣- ឈ្មោះ មុត សៀន ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិទួលក្រឡាញ់ ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ( រងរបួសធ្ងន់ត្រង់ក្បាល )។
ចំណែកអ្នកបើកបរម៉ូតូភាគីម្ខាងទៀត មិនស្គាល់អត្តសញ្ញាណ ( ស្លាប់នៅនឹងកន្លែងកើតហេតុ ) បើកបរម៉ូតូម៉ាក Honda Dream ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ កំ ពង់ចាម 1G – 6389 បើកបរក្នុងទិសដៅពីកើតទៅលិច ( មិនពាក់មួកសុវត្ថិភាព ) ។
មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្តាលមកពីអ្នកបើកបរម៉ូតូម៉ាក Honda Dream មិនប្រកាន់ស្តាំ ទើបបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។
ក្រោយមកសមត្ថកិច្ចទទួលផែនចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលស្រុកអន្លង់វែងបាន ចុះវាស់វែងរួចបានយកវត្ថុតាងម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែង។ រីឯ សាកសព ប្រគល់ ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ប៉ែន នួន