ខេត្តក្រចេះ ៖ កម្លាំងសមត្ថកិច្ចចម្រុះរបស់គណៈកម្មការថ្នាក់ជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបធនធានធម្មជាតិ បានបន្តដឹកនាំកម្លាំងរុករកកាប់បំផ្លាញធនធានធម្មជាតិ និងវែកមុខមេឈ្មួញរកស៉ីដឹកជញ្ជូនឈើខុសច្បាប់ ក៏បានប្រទះឃើញឈើជាង៣០ដុំបន្ថែមទៀត នៅព្រឹកថ្ងៃពុធ ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅចំណុចកំផ្លុក ស្ថិតក្នុងព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ភូមិស្ពានក្ដារ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ។
បើតាមប្រភពបានឲ្យដឹងថា: នេះជាឈើដែលក្រុមឈ្មួញដុះស្លែរកស៉ី ជាប្រចាំនៅក្នុងទឹកដីខេត្តក្រចេះ ហើយឈើទាំងនេះសុទ្ធសឹងតែ ដឹកចេញពីតំបន់ព្រៃអភិរក្សព្រៃឡង់ ជាប់ព្រំប្រទល់៤ខេត្តគ្រប់គ្រង និងការពារដោយមន្ត្រីបរិស្ថាន ហេតុអ្វីបានក្រុមឈ្មួញនៅតែធ្វើសកម្មភាពបានដដែល ទាល់តែមានសមត្ថកិច្ចចម្រុះរបស់ថា្នក់ជាតិចុះមកទើបមានការបង្ក្រាប ទើបធ្វើឲ្យក្រុមឈ្មួញទាំងនោះរាំងស្ទះដឹកចេញមិនទាន់។ ប្រភពបានបន្តថា ឈើទាំងនេះគឺជាក្រុមហ៊ុនក្រុមឈ្មួញតែមួយ ជាមួយឈើជិត២០០ដុំដែលបង្ក្រាបលើកមុននោះ ដោយដឹងថាមានសមត្ថកិច្ចចម្រុះចុះមកដោះមិនចេញ ទើបក្រុមឈ្មួញទាំងនោះមិនហ៊ានធ្វើសកម្មភាពដឹកចេញបាន គ្រាន់តែបំបែករូបភាពដឹកចល័តលាក់តាមព្រៃក្បែរៗនោះ បណ្តោះអាសន្នរង់ចាំស្ងាត់ទើបធ្វើសកម្មភាពបន្តទៀត។
សមត្ថកិច្ចបានបញ្ជាក់ថា: ក្រោយធ្វើការបង្ក្រាបនិងរឹបអូសគំនរឈើប្រភេទសុគ្រំឡាំងបួនជ្រុង ចំនួន៣៦ដុំខាងលើរួចមក សមត្ថកិច្ចបានប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើ ដើម្បីប្រមូលដឹកយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ ចាត់ការតាមនីតិវិធីច្បាប់។ ទោះជាយ៉ាងណាក៏ដោយក៏កម្លាំងសមត្ថកិច្ចចម្រុះថ្នាក់ជាតិនៅតែបន្តដំណើរមិនរាថយ ដើម្បីរុករកក្រុមឈ្មួញកាប់បំផ្លិចបំផ្លាញព្រៃឈើ និងក្រុមឈ្មួញរកស៉ីដឹកជញ្ជូនឈើខុសច្បាប់ នៅគោលដៅសំខាន់ៗបន្តទៀត ដើម្បីទប់ស្កាត់ឲ្យខានតែបាន ៕
ដោយ៖មាស សុផាត