ព័ត៌មានទាន់ហេតុការណ៍៖

យកកណ្ដៀវកាប់គេដល់ក្នុងផ្ទះគេរើសដំបងបានវាយវិញត្រូវចំក្បាលសន្លប់ស្តូក

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់បានយកកណ្ដៀវដេញកាប់គេដល់ក្នុងផ្ទះ តែពេលដេញគេកាប់មិនបាន ឃើញឪពុកគូទំនាស់ក៏កាប់បណ្ដាលឲ្យត្រូវភ្លៅរងរបួស ធ្វើឲ្យឪពុកគូទំនាស់ទ្រាំពុំបានក៏យកដំបងឈើជ្រុងវាយចំបន្ទូលក្បាល បណ្ដាលឲ្យដួលសន្លប់ស្តូកស្តឹង បង្កការផ្អើលឆោឡោកាលពីថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង១៧និង៣០នាទី នៅចំណុចភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។

    មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ មុត សុខម៉េង ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។ចំណែកជនសង្ស័យឈ្មោះ កាក់ លី ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ មុខរបរពេទ្យសត្វ មានទីលំនៅភូមិព្រែកតាកេរ ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្ដាល (គេចខ្លួន)​។ ដោយឡែកវត្ថុតាងចាប់យក៖ កណ្ដៀវផ្លែដែកដងឈើ មានប្រវែង៤១ស.មមួយ(របស់ឈ្មោះមុត​ សុខម៉េង), ឈើជ្រុង១ដើមប្រវែង៥០ ស.ម(របស់ឈ្មោះកាក់ លី)។

     ប្រភពដដែលបន្តថា កាលពីថ្ងៃទី១៦ ខែកុម្ភៈឆ្នាំ២០២១ នៅវេលាម៉ោង១៧និង៣០នាទីឈ្មោះ​ មុត សុខម៉េង(ជនរងគ្រោះ)បានយកកណ្ដៀវដេញកាប់ឈ្មោះជ្រុយ គឹមស្រ៊ាង តែដេញមិនទាន់ ក៏ឃើញឈ្មោះ កាក់ លី (ឪពុកបង្កើតរបស់ជ្រុយ គឹមស្រ៊ាង)កំពុងឈរនៅមុខផ្ទះ ភ្លាមនោះជនរងគ្រោះបានយកកណ្ឌៀវដេញកាប់ជនសង្ស័យត្រូវចំភ្លៅខាងឆ្វេងបណ្ដាលឲ្យ​របួសស្រាល។រំពេចនោះជនសង្ស័យក៏ឆក់បានដំបងឈើជ្រុងវាយទៅលើជនរងគ្រោះវិញបណ្ដាលឲ្យត្រូវចំបន្ទូលក្បាលដួលទៅលើថ្មសាប។ បន្ទាប់មកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្រ្គោះ ។  ចំណែកឈ្មោះ កាក់ លី បានជិះម៉ូតូ ទៅផ្ទះនៅស្រុកកោះធំ។

   ករណីនេះកម្លាំងជំនាញកំពុងកសាង សំណុំរឿង ដើម្បីស្រាវជ្រាវចាប់ខ្លួនជនសង្ស័យយកមកចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ស្អាងជ័យ


ចែករំលែក៖