ភ្នំពេញ៖ បន្ទាប់ពីបុគ្គល សឺន ហាយ ជាខ្មែរក្រោម ដែលរត់ចេញពីកម្ពុជាទៅនៅក្រៅប្រទេសកាលពីប៉ុន្មានឆ្នាំមុននោះ បានបង្ហោះលើទំព័រហ្វេសប៊ុកថា មានគ្រូបង្រៀនម្នាក់ស្លាប់ដោយសារចាក់វ៉ាក់សាំងកូវីដ-១៩។ ភ្លាមៗនោះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាល បានចេញមកច្រានចោលចំពោះការផ្សាយបំពុលគ្មានការពិតថា អ្នកគ្រូបង្រៀនម្នាក់ស្លាប់ ដោយសារចាក់វ៉ាក់សាំងកូវីដ-១៩។
លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា កញ្ញា ឆន ណារី អាយុ ២១ឆ្នាំ ជាគ្រូបង្រៀននៅខេត្តក្រចេះ អ្នកគ្រូបានទទួលមរណភាពដោយសារតែរលាកស្រោមខួរ ដូច្នេះក្រសួងសូមចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារផង។
គួរបញ្ជាក់ថា អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ រហូតមកដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ការចាក់វ៉ាក់សាំងកូវីដ-១៩ មិនទាន់មានគ្រូបង្រៀនណាម្នាក់ចាក់នៅឡើយនោះទេ។ មិនតែប៉ុណ្ណោះ លោកស្រី បានអំពាវនាវឱ្យអាជ្ញាធរចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនផ្សព្វផ្សាយព័ត៌មានបំពុលនេះផងដែរ៕ដោយ៖ស តារា