ពលរដ្ឋមីយ៉ាន់ម៉ា បន្តធ្វើបាតុកម្មជាទ្រង់ទ្រាយធំ មិនខ្វល់ពីការព្រមានបំបែកពីកម្លាំងយោធានោះឡើយ។ ការធ្វើបាតុកម្មនៅពេលនេះគឺជាទ្រង់ទ្រាយធំ បំផុត មិនធ្លាប់មានចាប់តាំងពីការធ្វើរដ្ឋប្រហារនៅថ្ងៃទី ១ខែកុម្ភៈ។
នៅក្នុងរដ្ឋធានីYangon ដែលជាទីក្រុងធំបំផុតរបស់មីយ៉ាន់ម៉ា ក្រុមបាតុករលើកស្លាកបដាទាមទារ ដោះលែងលោកស្រី អោងសានស៊ូជី។ ក្រុមបាតុករជាច្រើន បានធ្វើជាខូចរថយន្តកណ្តាលផ្លូវបង្កឲ្យមានការកកស្ទះរថយន្តជាច្រើន រារាំងកម្លាំងយោធា បញ្ជូនរថពាសដែក មករារាំងបាតុករ។
អ្នកបើករថយន្ត ឈប់កណ្តាលផ្លូវហើយថារថយន្តខូច បាននិយាយឌឺដងថា «រថយន្តខូចដោយសារតែការឈឺចាប់របស់ពលរដ្ឋមីយ៉ាន់ម៉ា ដែលកំពុងទទួលរងក្រោយការធ្វើរដ្ឋប្រហារនៅថ្ងៃទី ១ខែកុម្ភៈ»។
ក្រៅពីទីក្រុង Yangon នៅទីក្រុងធំទីពីររបស់មីយ៉ាន់ម៉ា គឺMandalay ព្រមទាំងរដ្ឋធានី ណៃពិដោ ក៏បាននាំគ្នាដង្ហែរក្បួនបាតុកម្ម បើទោះបី រដ្ឋាភិបាលយោធាបានព្រមានបង្ក្រាបយ៉ាងចាស់ដៃក្តី ។ យោធាមីយ៉ាន់ម៉ាក៏បានហាមប្រាមពលរដ្ឋប្រមូលផ្តុំគ្នាដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩។
កាលពីថ្ងៃទី១៧ខែកុម្ភៈ រដ្ឋាភិបាលមីយ៉ាន់ម៉ា បានបញ្ជូនកម្លាំងយោធាចូលមកកាន់ទីក្រុង yangon ដើម្បីទប់ស្កាត់ការធ្វើបាតុកម្ម ។សកម្មភាពទាំងនោះធ្វើឲ្យសហគមន៍អន្តរជាតិបារម្ភយ៉ាងខ្លាំង ពីអំពើហិង្សាកើតឡើងក្នុងប្រទេសមីយ៉ាន់ម៉ា ដូចដែលធ្លាប់បានកើតឡើងក្នុងអតីតកាល។
នៅពេលនេះរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានចេញដីកាចាប់ខ្លួន បុគ្គលមានប្រជាប្រិយភាព ០៦នាក់ដែលបានលើកទឹកចិត្ត និងជំរុញឱ្យបុគ្គលិករដ្ឋជាច្រើន ធ្វើកូដកម្មមិនចូលធ្វើការ ខណៈចំនួនអ្នកដែលត្រូវបានចាប់ខ្លួន គិតចាប់តាំងពីថ្ងៃផ្ទុះព្រឹត្តិការណ៍ថ្ងៃទី០១ ខែកុម្ភៈ បានកើនដល់ជិត ៥០០នាក់។
សារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ បានផ្សាយថាមនុស្សទាំង ០៦នាក់ដែលអាជ្ញាធរកំពុងតាមចាប់ខ្លួន ក្នុងនោះរួមមានអ្នកដឹកនាំខ្សែភាពយន្ដ, សិល្បៈករ និងតារាចម្រៀងម្នាក់។ អាជ្ញាធរបានចោទអ្នកទាំងនេះពីបទញុះញង់ ឱ្យបុគ្គលិករដ្ឋចូលរួមក្នុងបាតុកម្មតវ៉ា។
កាលពីថ្ងៃ១៧ខែកុម្ភៈ កម្លាំងសន្តិសុខមីយ៉ាន់ម៉ា ត្រូវបានគេរាយការណ៍ថា បានបើកការបាញ់បង្ក្រាប ទៅលើហ្វូងបាតុករនៅក្នុងទីក្រុង ម៉ាន់ដាឡាយ (Mandalay) កំឡុងប្រឈមមុខជាមួយក្រុមកម្មករផ្លូវដែក ដែលនាំគ្នាបិទចរាចរណ៍រថភ្លើង ជាផ្នែកមួយនៃបាតុកម្មប្រឆាំងនឹងទង្វើ ដែលពួកគេចោទថា «រដ្ឋប្រហារយោធា» ទោះបីជាយោធាមីយ៉ាន់ម៉ា បានអះអាងជាច្រើនដងថា វាមិនមែនជារដ្ឋប្រហារក៏ដោយ។ មនុស្សម្នាក់បានរងរបួស នៅក្នុងការប៉ះទង្គិចគ្នានេះ ខណៈក្រុមបាតុករនៅតែបន្តធ្វើបាតុកម្ម បើទោះជាមានការព្រមានបង្រ្កាបពីយោធាក៏ដោយ៕
ដោយ៖ធី រីណា(រូបភាព៖ AP)