ខេត្តបន្ទាយមានជ័យ៖ វាលរហាលកែស អាវៀនដែលស្ថិតត្រង់ទីប្រសព្វនៃស្ទឹងសិរីសោភ័ណនិងស្ទឹងមង្គលបូរី កៀកព្រំប្រទល់ស្រុកព្រះនេត្រព្រះ នឹងក្រុងសិរីសោភ័ណនិងស្រុកមង្គលបូរីក្នុងភូមិសាស្ត្រឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ មកទល់ពេលនេះបានក្លាយជាតំបន់អភិរក្សដែលកើនទាំងមច្ឆជាតិទាំងសត្វស្លាបរាប់សិបម៉ឺនក្បាល និងជាតំបន់អេកូទេសចរណ៍គួរឲ្យទាក់ទាញ។
បើលោកអ្នកអញ្ជើញទៅពេលណានឹងបានឃើញសត្វទាំងនោះយ៉ាងសប្បាយភ្នែក។លោក ខុង ប៊ុន ជំទប់ទី០១ ឃុំឈ្នួរមានជ័យ បានប្រាប់ថា ប្រវត្តិនិង ភូមិសាស្ត្រ” វាលហាលកែសអាវៀន”នេះជាវាលទំនាបធម្មជាតិនៃទីប្រសព្វនៃស្ទឹងមង្គលបូរីនិងស្ទឹងសិរីសោភ័ណ ។វាជាទីចុងបញ្ចប់នៃស្ទឹងសិរីសោភ័ណ ដោយស្ទឹងវាត្រូវរត់រមូររួមចូលគ្នានឹងស្ទឹងមង្គលបូរីមុននាំទឹកចុះទៅបឹងទន្លេសាប ។តំបន់នេះវាជាប់នឹងព្រំប្រទល់ស្រុក ក្រុងចំនួន៣ គឺឃុំឈ្នួរមានជ័យស្រុកព្រះនេត្រព្រះ ឃុំគយម៉ែងស្រុកមង្គលបូរីនិងសង្កាត់ភ្នៀតក្រុងសិរីសោភ័ណ ។
លោកបានបន្តថា ទីនោះ ក៏ជាទំនប់ស្ទាក់បំបែក បង្វែរទឹកនៃប្រព័ន្ធធារាសាស្ត្រដែលកសាងឡើងក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ(ឆ្នាំ១៩៧៥-៧៩ ) ផងដែរ ។
ចំណែកលោកហែម សារិន អភិបាលរងស្រុកព្រះនេត្រព្រះប្រាប់ថា តំបន់អភិរក្សរហាលកែស អាវៀននេះមានផ្ទៃដីទឹកនិងព្រៃលិចទឹកប្រមាណជា២៨ហិកតា ដែលស្ទើរទាំងអស់គឺស្ថិតក្នុងភូមិសាស្ត្រឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ។
លោកបានពន្យល់ថា វាលរហាលនេះ (រហាល មានន័យថា បឹងនៅកណ្តាលវាលទឹកល្ហល្ហាច) ។ ហើយតំបន់នេះ អាចចែកជា២ ៖ទី១ ជាតំបន់រហាលកែស ជាទីអភិរក្សមច្ឆជាតិចម្រុះដូចជាត្រីរ៉ស់ឆ្តោ ផ្ទក់ ឆ្ពិន អណ្តែង ក្រាញ់ ក្រាយ ព្រលូង សណ្តាយ ឆ្លាំង ស្លាត ស្លូញ ខ្ជឹង….។វាមានទំហំចំនួន០៥ហិកតាគឺហៅថារហាលកែស។ ទី២ ជាផ្ទៃទឹក មានព្រៃលិចទឹកដែលហ្វូងសត្វស្លាបចម្រុះកំពុងស្នាក់នៅ ទុំពងកូននិងរកចំណីក្នុងចំនួនរាប់ម៉ឺនសែនក្បាលមានទំហំចំនួន២៣ហិកតា ។វាមានរាងក្រវេចក្រវៀនដែលគេហៅថាអាវៀន។ចំណែកឈ្មោះរួមនៃទីអភិរក្សនេះគេហៅថារហាលកែសអាវៀន។
លោកហែម សារិន បានបន្តថា ជាង៣ឆ្នាំកន្លងមកនេះ គឺកាលលោកនៅធ្វើជមេឃុំឈ្នួរមានជ័យ លោកនិងមន្ត្រីអាជ្ញាធរ សមត្ថកិច្ចនិងប្រជាសហគមន៍បានខិតខំអភិរក្សមច្ឆៈជាតិនិងសត្វស្លាបនៅរហាលកែស អាវៀននេះ។ ក៏បានដាក់ស្លាកបម្រាមការពារសត្វស្លាបនិងមច្ឆជាតិ បានកំណត់ព្រំតំបន់ជាមួយដីស្រែរបស់ពលរដ្ឋ ។ជាមួយនេះបាន បង្ការទប់ស្កាត់នូវការប្រើប្រាស់ទឹកធ្វើស្រែប្រាំងច្រើនហួសហេតុ ក៏ដូចជាបង្ការ ទប់ស្កាត់ បង្ក្រាបនូវការយាយី នេសាទត្រី ប្រមាញ់ បំពុលសត្វស្លាបផងដែរ ។
ក្នុងនោះដែរ ក៏បានអនុញ្ញាតឲ្យពលរដ្ឋចំនួន០៣គ្រួសារធ្វើជម្រកបណ្តោះអាសន្នលើខ្នងទំនប់ស្នាក់នៅដើម្បីជួយការពារសត្វស្លាបទាំងនោះ និងអាចនេសាទត្រីជាលក្ខណៈគ្រួសារនៅក្រៅដែនអភិរក្សដើម្បីចិញ្ចឹមជីវិតបាន ។
លោកបានបន្តថា សម្រាប់សត្វស្លាបរាប់ម៉ឺនសែនក្បាលនោះ គឺមានជិត១០ប្រភេទដែលជាសត្វស្លាបសំខាន់ៗដូចជាក្រៀលខ្យង ក្អែកទឹក ស្មោញ ត្រយ៉ង ទាព្រៃ ទុងប្រផេះ ខ្វែកធំ ទោម តាឡុម មាន់ទឹក មាន់ទូ ជាដើម។ចំណែកសត្វកុកមានច្រើនលើសលុប ប្រមាណជិត១សែនក្បាល ។
លោកបានបន្តថាកន្លងមកនិងចំពោះមុខរដ្ឋបាលឃុំ ស្រុកនិងមន្ទីរបរិស្ថានបានស្នើបង្កើតឬចុះបញ្ជីជាតំបន់អភិរក្សធម្មជាតិមច្ឆជាតិ សត្វស្លាបរហាលកែស អាវៀននេះនៅក្រសួងបរិស្ថាន និងបានសហការជាមួយមន្ទីរទេសចរណ៍ខេត្តដោយស្នើបង្កើតជាតំបន់អេកូ ទេសចរណ៍ផងដែរ ៕ដោយ៖ វណ្ណា