ព័ត៌មានទាន់ហេតុការណ៍៖

ចិនរិះគន់យ៉ាងខ្លាំង​ដល់ ពាក្យចចាមអារ៉ាម បំផ្លាញទំនាក់ទំនងរវាងចិន និងមីយ៉ាន់ម៉ា

ចែករំលែក៖

នៅល្ងាចថ្ងៃទី​១៨ខែកុម្ភៈចិនបានថ្កោលទោសយ៉ាងខ្លាំង ដល់ពាក្យចចាមអារ៉ាម​ ថារដ្ឋាភិបាលទីក្រុងប៉េកាំង មានជាប់ពាក់ព័ន្ធការធ្វើរដ្ឋប្រហារនៅប្រទេសមីយ៉ានម៉ា ​។ ពាក្យចចាមអារ៉ាមទាំងនោះនឹងធ្វើឲ្យបែកបាក់ទំនាក់ទំនងរវាងចិន និងមីយ៉ាន់ម៉ា។
មានប្រសាសន៍​​នៅក្នុងសន្និសីទកាសែត​ ក្រោយពិធីបុណ្យចូលឆ្នាំ អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់ថា នៅពេលនេះមានពាក្យ​ចចាមអារ៉ាម ជាច្រើន និយាយថា ចិនជាប់ពាក់ព័ន្ធការធ្វើរដ្ឋប្រហារនៅមីយ៉ាន់ម៉ា​។ ជាថ្មីម្តងទៀត រដ្ឋាភិបាលទីក្រុងប៉េកាំងបានច្រានចោលព័ត៌មានខាងលើ ដោយនៅជាកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ាតែប៉ុណ្ណោះ ចិនមិនមានការពាក់ព័ន្ធនោះឡើយ។
រដ្ឋាភិបាលទីក្រុងប៉េកាំងបញ្ជាក់ទៀតថា ព័ត៌មានចចាមអារ៉ាម​ ក្នុងគោលដៅបំផ្លាញទំនាក់ទំនង មិត្តភាពរវាងចិន និង មីយ៉ាន់ម៉ា ។ រដ្ឋាភិបាលទីក្រុងប៉េកាំង សង្ឃឹមថា ភាគីពាក់ព័ន្ធនៅមីយ៉ាន់ម៉ា នឹងដោះស្រាយវិវាទ​ដោយសន្តិវិធី​ ។
នៅពេលនេះដែរ​ប្រទេស សិង្ហបុរី និងឥណ្ឌូនេស៊ី គាំទ្រ តួនាទីរបស់អាស៊ាន​ក្នុងការជួយដោះស្រាយវិវាទ​នយោបាយក្នុងប្រទេសអាស៊ានមួយនេះ ។ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី និងឥណ្ឌូនេស៊ី បង្ហាញការជឿជាក់ថា សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថាអាស៊ាន អាចដើរតួយ៉ាងសំខាន់ក្នុងការជំរុញកិច្ចចរចា និងការវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើង បន្ទាប់ពីរដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌូនេស៊ី លោកស្រី Retno Marsudi បានជួបជាមួយសមភាគី លោក Vivian Balakrishnan នៅប្រទេសសិង្ហបុរី នៅថ្ងៃព្រហស្បតិ៍នេះ។ រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ បានជជែកគ្នាអំពីជំហានបន្ទាប់ ដែលអាចនឹងកើតមានសម្រាប់អាស៊ាន ដើម្បីដោះស្រាយស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ា ដែលរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រីអោង សានស៊ូជី ត្រូវបានផ្តួលរំលំនៅក្នុងរដ្ឋប្រហារមួយ កាលពីថ្ងៃទី ១ ខែកុម្ភៈ៕ដោយ៖ធី រីណា

រូបភាព៖ AFP/TTXVN

 


ចែករំលែក៖