ខេត្តស្វាយរៀង៖ លោក ខៀវ សំអុល ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀងបានផ្ដាំផ្ញើដល់ប្អូនៗ ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ ជាពិសេសគួរយកពេលវេលាលេងកីឡា ប្រសើរជាងយកពេលវេលាទៅប្រើប្រាស់មិនបានត្រឹមត្រូវ ឬប្រព្រឹត្តអបាយមុខផ្សេងៗ ដែលបង្កឲ្យមានផលប៉ះពាលដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។
ការផ្ដាំផ្ញើរបស់លោកប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀងធ្វើឡើងនៅក្នុងពិធីបិទការប្រកួតសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា២០២០-២០២១នារសៀលថ្ងៃទី១៩ខែកុម្ភ:ឆ្នាំ២០២១។
លោកខៀវសំអុល ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំប្រតិភូកីឡាក្រុងស្រុក ដែលបានសហការគ្នារៀបចំការប្រកួតដោយទទួលបានលទ្ធផលល្អ និងប្រព្រឹត្តទៅយ៉ាងរលូនស្របតាមកម្មវិធីដែលបានគ្រោងទុកបាន។
បន្ថែមពីនោះ លោកក៏បានថ្លែងនូវការកោតសរសើរចំពោះបងប្អូនកូនក្មួយជាកីឡាករ កីឡាការិនី ដែលបានគោរពយ៉ាងខ្ជាប់ខ្ជួននូវបទបញ្ជាផ្ទៃក្នុង ការស្នាក់នៅមានវិន័យ សេចក្ដីថ្លៃថ្នូរដោយមិនមានបង្កបញ្ហាផ្សេងៗរហូតធ្វើឲ្យការប្រកួតនេះទទួលបានដំណើរការល្អ។
លោកបន្ថែមថាសព្វថ្ងៃប្រទេសជាតិមានភាពសំបូរសប្បាយ ការអភិវឌ្ឍន៍គ្រប់ទិសទី សុខសន្តិភាពក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយអ្វីដែលមិនអាចបំភ្លេចបាននូវពាក្យមួយឃ្លា គឺ”អរគុណ ! សន្តិភាព”។
បន្ទាប់មក លោកខៀវសំអុល និងមន្ត្រីក្រោមឱវាទក៏បានប្រគល់ពានរង្វាន់ជ័យលាភី៏ជូនដល់កីឡាករ កីឡាការិនីសិស្សបឋមសិក្សា ដែលទទួលបានចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣គ្រប់វិញ្ញាសារការប្រកួតក្នុងឆ្នាំ២០២០-២០២១ផងដែរ៕
ដោយ៖ យឹម សុថាន