ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បន្ថែមកម្លាំងបំពេញបេសកកម្ម ទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានបន្ថែមកម្លាំងអន្តរាគមន៍ ទៅតាមគោលដៅមួយចំនួននៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ដោយសហការជាមួយកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន ប្រតិបត្តិការបំពេញបេសកកម្ម ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺឆ្លងកូវីដ-១៩ ។

សូមបញ្ជាក់ថាការបន្ថែមកម្លាំងនេះ តបតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំកងទ័ពជើងគោក យោធភូមិភាគទី៥ និងគណៈបញ្ជាការឯកភាពខេត្ត សំដៅទប់ស្កាត់ឲ្យខានតែបាន ការលួចឆ្លងដែនចូលតាមគ្រប់រូបភាព គេចវេះពីការធ្វើចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោកឧត្តមសេនីយ៍ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ក៏បានដាក់បទបញ្ជាដល់កងកម្លាំងទាំងអស់ បន្តយកចិត្តទុកដាក់ផ្លាស់ប្តូរវេនល្បាតត្រួតពិនិត្យ២៤ម៉ោងលើ២៤ម៉ោង គ្រប់បណ្តាគោលដៅ ដែលបានកំណត់ និងរកឲ្យឃើញនូវមេខ្យល់ដែលញុះញង់ និងលួចនាំពលករចូលតាមគ្រប់រូបភាពដើម្បីកម្លាំងជំនាញចាត់វិធានការទៅតាមផ្លូវច្បាប់។

ក្នុងឱកាសនោះដែរ លោកមេបញ្ជាការ បានថ្លែងកោតសរសើរ នូវការខិតខំបំពេញការងារប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ដែលបានឃាត់អ្នកលួចឆ្លងដែនបានជាបន្តបន្ទាប់។ ជាពិសេសសូមអោយកងកម្លាំងទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាព អនុវត្តអនាម័យជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាល៕

ដោយ៖ សិលា


ចែករំលែក៖