ព័ត៌មានទាន់ហេតុការណ៍៖

នៅល្ងាចថ្ងៃទី២០កុម្ភៈ​នេះ! ពលករខ្មែរ និងកុមារខ្មែរ ២៥នាក់ ដែលទៅធ្វើការខុសច្បាប់នៅប្រទេសម៉ាឡេស៊ី​ នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ

ចែករំលែក៖

ភ្នំពេញ​៖ បើតាមការបញ្ជាក់របស់ លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា​ បានឲ្យដឹងថា​ នៅល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ​ ពលករខ្មែរ ២៣នាក់ និងកុមារខ្មែរចំនួន២នាក់ ដែលទៅធ្វើការខុសច្បាប់នៅប្រទេសម៉ាឡេស៊ី នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ។

លោក កុយ គួង បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ដោយមានកិច្ចអន្តរាគមន៍របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ពលករ ពលការិនីខ្មែរចំនួន២៣នាក់ និង កុមារ២នាក់ ដែលបានមកធ្វេីការដោយខុសច្បាប់នៅប្រទេសម៉ាឡេស៊ី នឹងធ្វើដំណើរទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងយន្តហោះលេខSQ5008 នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ០៥:៣៥នាទីល្ងាចនេះ»។

អ្នកនាំពាក្យក្រសួងការបរទេសរូបនេះ​ បញ្ជាក់បន្ថែមថា​ បច្ចុប្បន្ន​ ក្រុមការងារស្ថានទូត បានជួយសម្របសម្រួលឯកសារ នាំទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ី ជូនទៅធ្វើតេស្តកូវីដ១៩ ព្រមទាំងជូនពលករ ពលការិនី ទៅអាកាសយានដ្ឋានអន្តរជាតិ KLIA ផងដែរ៕ដោយ​៖សហការី​


ចែករំលែក៖